២៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់អគារ សិក្សាប្រមាណជា ៤ពាន់ខ្នង
រតនគីរី ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ២៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់អគារសិក្សាប្រមាណជា ៤ពាន់ខ្នង ហើយក្រសួង នឹងបន្តយកចិត្តទុកដាក់ កៀរគរធនធានថវិកា ដើម្បីបន្តសាងសង់ និងជួសជុលអគារសិក្សាបន្ថែមទៀត។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ២ខ្នង ៥បន្ទប់ និងអគារសិក្សាជួសជុលរួចរាល់ចំនួន ១០ខ្នង ស្មើនឹង ២៦បន្ទប់ ក្នុងខេត្តរតនគីរី លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានចូលរួមអបអរសាទរចំពោះការដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី និងអគារសិក្សាជួសជុលរួចរាល់ចំនួនជាច្រើនខ្នង ក្នុងខេត្តរតនគិរី គាំទ្រថវិការួមគ្នាដោយអង្គការ ភ្លែនអន្តរជាតិកម្ពុជា អង្គការអេដ អេ អាក់ស្យុង និងមូលនិធិ Education Above All(EAA) របស់ប្រទេសកាតា ក្នុងកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធរវាង មន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរមូលដ្ឋាន និងសហគមន៍។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា «ក្នុងអំឡុង ២៥ឆ្នាំកន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជាបានសាងសង់អគារសិក្សាប្រមាណជា ៤ពាន់ខ្នង ហើយក្រសួងអប់រំ យុវជន និងកីឡានឹងនៅតែបន្តយកចិត្តទុកដាក់ កៀរគរធនធានថវិកា ដើម្បីបន្តសាងសង់ និងជួសជុលអគារសិក្សាបន្ថែមទៀត ឆ្លើយតបនឹងតម្រូវការ នៃកំណើនសិស្សជារៀងរាល់ឆ្នាំ ជាពិសេសកំណើននៃការចូលរៀននៅកម្រិតមត្តេយ្យសិក្សា ដែលនេះសបញ្ជាក់ ពីការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់មាតាបិតា និងអាណាព្យាបាល ដែលបានបញ្ជូនកូនៗឱ្យមកទទួលការអប់រំ»។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា វឌ្ឍនភាពជាច្រើនក្នុងវិស័យអប់រំនៅកម្ពុជា មិនអាចសម្រេចបានឡើយបើគ្មានការចូលរួមគាំទ្រពីសំណាក់ ដៃគូអភិវឌ្ឍន៍មកពីគ្រប់មជ្ឈដ្ឋាន លោកគ្រូ អ្នកគ្រូ និង បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ហើយនេះក៏ជាសក្ខីភាព នៃការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីធានាផ្តល់សេវាអប់រំប្រកបដោយគុណភាព សមធម៌ និង បរិយាបន្ន។

ក្រសួងអប់រំ យុវជន និងកីឡា នឹងនៅតែបន្តពង្រឹងការអនុវត្ត ការពង្រីក ការវិនិយោគបន្ថែម និងការពិនិត្យតាមដានជាប្រចាំ ដើម្បីធានាប្រសិទ្ធភាព និងចីរភាព នៃការផ្តល់សេវាអប់រំ ជាពិសេសការលើកកម្ពស់ និងផ្តល់ឱកាសសិក្សាពេញមួយជីវិតជូនដល់ក្រុមកុមារ និងយុវជនកម្ពុជា ស្របតាមតម្រូវការទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងអនាគត៕



