ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យមន្ត្រីជំនាញបច្ចេកទេស ពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ

កំពង់ស្ពឺ ៖ លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីក្រោមឱវាទ ចំណុះមន្ទីរអង្គភាពជុំវិញខេត្ត ចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និងផ្លូវឡើងទៅកាន់ភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ គ្រាដែលមណ្ឌលព័ត៌មាននិងហេដ្ឋារចនាសម្ព័ននានានៅដំណាក់ដំរីរួចរាល់១០០%ហើយ ។

លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា តាមរយៈគម្រោង (និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា) របស់ក្រសួងបរិស្ថាន បានបើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីបម្រើដល់វិស័យទេសចរណ៍ ។ ការអភិវឌ្ឍន៍តំបន់ព្រៃភ្នំដ៏មានសក្ដានុពលនេះ ធ្វើឡើងក្នុងទិសដៅ លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាសហគមន៍ តាមរយៈការបម្រើសេវាទេសចរណ៍ ។ ជាងនេះការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ភ្នំខ្នងផ្សារនេះដែរ ក៏ដើម្បីបម្រើឱ្យគោលដៅ «លំហែបៃតង» តាមការចង្អុលបង្ហាញពីប្រមុខ រាជរដ្ឋាភិបាលគឺ សម្ដេច ហ៊ុន ម៉ាណែត កាលពីអំឡុងដែល សម្តេច បានអញ្ជើញដោយផ្ទាល់ក្នុងការសម្រាកលំហែរលើភ្នំខ្នងផ្សារ។

លើកឡើងក្នុងឱកាសនោះដែរ លោក អភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា គម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារ នឹងជួយផ្សព្វផ្សាយអំពីការគាំទ្ររបស់រដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងការរួមចំណែកលើក កម្ពស់សេដ្ឋកិច្ចសង្គម និងគោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ ព្រមទាំងជួយជំរុញចលនាទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើន ។ ហើយការងារនេះនឹងចូលរួមលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន តាមរយៈការផ្ដល់សេវាកម្មទេសចរណ៍នានា ដែលទាំងនេះក៏បានចូលរួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពផងដែរ ។

សូមបញ្ជាក់ថា ភ្នំខ្នងផ្សារគឺជាតំបន់ព្រៃភ្នំដ៏ធំមួយ ដែលមានទីតាំងប្រសព្វមុំ៣ គឺខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ ភ្នំនេះសម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ ភ្នំខ្នងផ្សារ មានកម្ពស់ប្រហែល១០១៧ម៉ែត្រ ដែលអាចមើលឃើញទេសភាពបាន ៣៦០ដឺក្រេ។មិនតែប៉ុណ្ណោះភ្នំនេះមានទេសភាពស្អាតគ្រប់រដូវកាល និងមានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញនិងជាង៨០គីឡូម៉ែត្រពីខេត្តកំពង់ស្ពឺ៕

To Top