រដ្ឋមន្រ្តីការបរទេសខ្មែរ ៖ ការអនុវត្ត 5PC នៅតែជាឯកសារគោល របស់អាស៊ាន
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសខ្មែរ បានគូសបញ្ជាក់ថា ការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុច (5PC) នៅតែជាឯកសារគោលរបស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាពឡើងវិញ តាមរយៈដំណើរការនយោបាយ ដែលដឹកនាំ និងគ្រប់គ្រង ដោយមីយ៉ាន់ម៉ាខ្លួនឯង ។
លទ្ធផល នៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្នប្រាំចំណុច បានប្រព្រឹត្តទៅនៅកោះសេប៊ូ ប្រទេសហ្វីលីពីន បង្ហាញដោយក្រសួងការបរទេសនៅថ្ងៃ២៩ មករា នេះបានឱ្យដឹងថា កិច្ចប្រជុំបានស្វាគមន៍ការតែងតាំង លោកស្រី ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ ជាប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ាសម្រាប់ឆ្នាំ២០២៦ និងបានបញ្ជាក់ជាថ្មី នូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះអាណត្តិរបស់លោកស្រី ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីន ក្នុងការជំរុញការអនុវត្ត 5PC ស្របតាមការវាយតម្លៃ និងសេចក្តីសម្រេចចិត្ត របស់ប្រមុខដឹកនាំអាស៊ាន ស្តីពីការ អនុវត្ត 5PC ក្នុង ឆ្នាំ២០២៥។
ជាមួយនឹងការគាំទ្រនេះ ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការធានាថា 5PC នៅតែមានសារៈសំខាន់ និងប្រសិទ្ធភាព ដោយបានរំលេចអំពីការចាំបាច់ក្នុងការពិនិត្យ ឡើងវិញឱ្យបានទាន់ពេលវេលា ដើម្បីកំណត់មធ្យោបាយសមស្របឆ្ពោះទៅមុខ។
ឧបនាយករដ្ឋមន្ត្រីបន្តលើកឡើងថា ដំណើរការបោះឆ្នោត ដែលមានភាពអាចជឿជាក់បាន និង ប្រកបដោយបរិយាបន្ន ទន្ទឹមនឹងការគាំទ្រ ពីប្រជាពលរដ្ឋមីយ៉ាន់ម៉ា គឺជាមធ្យោបាយដ៏សំខាន់មួយ ឆ្ពោះទៅកាន់ស្ថិរភាពយូរអង្វែង៕
