សម្តេចតេជោ ៖ កម្ពុជា-កូរ៉េគួរតែពង្រីកទំនាក់ទំនង ឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ថា នៅឆ្នាំ២០២៧ខាងមុខ គឺជាខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងឡើងវិញរវាងសាធារណរដ្ឋកូរ៉េ-កម្ពុជា ភាគីទាំងពីរគួរតែពង្រីកទំនាក់ទំនងពីដៃគូយុទ្ធសាស្ត្រ ឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យជាមួយគ្នា ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបរវាងសម្តេចតេជោ និងលោក Kim Changyong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែមករាថា សម្ដេចតេជោមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង គឺសម្ដេចបានខិតខំប្រឹងប្រែងពូនជ្រុំតាំងពីដើមរៀងមក ពោលចាប់តាំងពីឆ្នាំ១៩៩៦មក ហើយក្នុងឆ្នាំ២០២៧ខាងមុខ ជាខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងឡើងវិញរវាងកូរ៉េ-កម្ពុជា។ សម្ដេចតេជោសង្ឃឹមថា ខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងសហការគ្នារៀបចំជាព្រឹត្តិការណ៍ដើម្បីអបអរសាទរ។

អ្នកនាំពាក្យបន្តថា “សម្ដេចបានកត់សម្គាល់ថា នៅឆ្នាំក្រោយខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ភាគីទាំងពីរគួរតែពង្រីកទំនាក់ទំនងពីដៃគូយុទ្ធសាស្ត្រ ឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពីព្រោះថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរគឺមានភាពរីកចម្រើនស្ទើរគ្រប់វិស័យទៅហើយ ដូច្នេះទំនាក់ទំនងនេះគួរតែបន្ថែមទៀតដោយលើកកម្រិតទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ។
ជាការឆ្លើយតប ពាក់ព័ន្ធទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឯកអគ្គរដ្ឋទូតកូរ៉េ រំពឹងថា នឹងអាចដំឡើងកម្រិតពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយឯកឧត្តមផ្ទាល់នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាច្រើន ដើម្បីដំឡើងកម្រិតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោកន្លងមក ទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ មានការរីកចម្រើនជាលំដាប់ និងបន្តដោយការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ទំនាក់ទំនងនេះត្រូវបានពូនជ្រុំបន្ថែមទៀត រហូតដល់ក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា។
លោកទូតចាត់ទុកតួអង្គសម្ដេចតេជោ គឺជាអ្នកពូនជ្រុំនិងជាស្ថាបនិកនៃការបង្កើតនិងពង្រឹងទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ៕
