ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានតំណាងក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន ដើម្បីស្វែងរកសកម្មភាព​ សហការជាក់ស្តែង

ភ្នំពេញ៖ នាឱកាសវេទិកាទេសចរណ៍អាស៊ាន​ ឆ្នាំ២០២៦នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោក Herminio Bagro III, ប្រធានតំណាងក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន ប្រចាំហ្វីលីពីន ព្រមទាំងសហការីដែលមកពី Expedia Group, Marriot International, Airbnb, Visa, Royal Caribbean International ។

កិច្ចពិភាក្សា រវាងលោករដ្ឋមន្ត្រី និងប្រធានតំណាងក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន បានផ្តោតលើកិច្ច សហប្រតិបត្តិការរវាងកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន លើវិស័យទេសចរណ៍ ដែលភាគីទាំងពីរ នឹងសិក្សាបង្កើតក្រុមការងារ ដែលមានតំណាងក្រសួងទេសចរណ៍, ក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ដើម្បីស្វែងរកសកម្មភាព សហប្រតិបត្តិការជាក់ស្តែង ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ហួត ហាក់ ក៏បានគូសបញ្ជាក់អំពីលទ្ធផល ប្រកបដោយផ្លែផ្កានៃជំនួបរវាងលោក Ted Osius ប្រធានក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្ទាប់មកក៏មានជំនួបជាមួយលោករដ្ឋមន្ត្រីផ្ទាល់ ដែលបានប្រព្រឹត្តទៅកាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ នៅរាជធានីភ្នំពេញផងដែរ៕ ដោយ៖​ ដារាត់| ដើមអម្ពិល

To Top