វិស័យឯកជន មកពីបណ្តាប្រទេសអាស៊ាន ចាប់អារម្មណ៍ ចំពោះសក្តានុពល នៃទីផ្សារទេសចរណ៍កម្ពុជា
ភ្នំពេញ៖ ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ មកពីបណ្តាប្រទេសផ្សេងៗនៅអាស៊ាន បានសម្តែងនូវការចាប់អារម្មណ៍ ចំពោះសក្តានុពល នៃទីផ្សារទេសចរណ៍កម្ពុជា ។

នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនតំណាងក្រុមហ៊ុនឯកជន ដែលជាប្រតិបត្តិករទេសចរណ៍ មកពីបណ្តាប្រទេសផ្សេងៗនៅអាស៊ាន ចំនួន ១៨ ក្រុមហ៊ុន ចូលជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ ក្នុងការជំរុញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។

ជំនួបពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួម ពីលោកស្រីប្រធានសមាគម ទេសចរណ៍កម្ពុជា, លោកនាយកប្រតិបត្តិក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងសមាភាពចូលរួម សរុបប្រមាណ ៣០រូប ។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានជម្រាបជូនប្រតិបត្តិករ ទេសចរណ៍ទាំងអស់ អំពីស្ថានភាពទូទៅនៅកម្ពុជា កត្តាសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច ដែលផ្តល់បរិយកាសអនុគ្រោះ ដល់ការវិនិយោគ និង ទេសចរណ៍នៅកម្ពុជា។ កម្ពុជា គឺជាគោលដៅទេសចរណ៍សុវត្ថិភាព មានភាពទាក់ទាញ និងផ្តល់ជូននូវបទពិសោធសម្បូរបែប ដល់ភ្ញៀវទេសចរអន្តរជាតិ តាមរយៈសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិ, ម្ហូបអាហារ, ប្រពៃណីទំនៀមទំលាប់, ប្រវត្តិសាស្ត្រដ៏ចំណាស់, ភាពរួសរាយរាក់ទាក់និងស្មាមញញឹម របស់ប្រជាជនខ្មែរ ដែលទាំងអស់នេះគឺជាអត្តសញ្ញាណខ្មែរ។

អ្វីជាការកត់សម្គាសល់ ប្រតិបត្តិករ ទេសចរណ៍ទាំងអស់ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង និង រីករាយទៅទស្សនា កម្ពុជាដោយផ្ទាល់ ដើម្បីពិនិត្យលទ្ធភាពរៀបចំកញ្ចប់ទស្សនកិច្ច សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដោយសហការ ជាមួយផ្នែកឯកជនរបស់កម្ពុជា ក៏ដូចជាក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា៕ ដោយ៖ ដារាត់| ដើមអម្ពិល




