ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ តាមរយៈលិខិតតវ៉ារបស់ក្រសួងស្ថាប័នពាក់ព័ន្ធ បញ្ជាក់ពីជំហររាជរដ្ឋាភិបាលការពារទឹកដី

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបានលើកឡើងថា តាមរយៈលិខិតតវ៉ារបស់ក្រសួងស្ថាប័នពាក់ព័ន្ធបានបញ្ជាក់ ពីជំហរច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការពារអធិបតេយ្យភាពកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី៣០ ខែមករា លោក ប៉ែន បូណា បានថ្លែងថា ក្នុងអំឡុងពេល៦ខែចុងក្រោយនេះ ក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញត្តិថ្កោលទោស និងលិខិតបកស្រាយ ឬបំភ្លឺឆ្លើយតបផ្សេងៗគ្រប់ទម្រង់សរុបចំនួនជិត៧០០លើក ។ ការឆ្លើយតប ក៏ដូចជាការបញ្ជាក់ជំហររបស់កម្ពុជាដោយផ្ទាល់មាត់ តាមរយៈការរៀបចំធ្វើបច្ចុប្បន្នភាពរបស់អ្នកនាំពាក្យជាប្រចាំថ្ងៃចំនួនជិត២០០លើក។

លោកបន្តថា ក្រៅពីនោះ នៅមានការធ្វើបទបង្ហាញ ឬដឹកនាំអង្គទូត តំណាងអង្គការអន្តរជាតិ អ្នកសង្កេតការណ៍អាស៊ាន (AOT) និងសម្របសម្រួលឱ្យអ្នកសារព័ត៌មានជាតិនិងអន្តរជាតិទៅមើលស្ថានភាពជាក់ស្តែងនៅតាមព្រំដែនជាច្រើនលើកទៀត។

អ្នកនាំពាក្យបញ្ជាក់ថា “សកម្មភាពទាំងនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ក្នុងការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងជាពិសេសការការពារបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់បំផុត” ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក៕

To Top