ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ១១២.២៧៧នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យ តាមជំរំនានា

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹកចំនួន ១១២.២៧៧នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំនានា ក្នុងនោះស្ត្រីមានចំនួន ៥៨.៨៥៥នាក់ និងកុមារចំនួន ៣៦.៧៥៩នាក់។

នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៩ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា បទឈប់បាញ់ រវាងកម្ពុជា និងថៃ អនុវត្តបាន១ខែហើយ បើគិតមកត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។ ភាគីទាំងសងខាង ពុំបាន ផ្ទុះអាវុធដាក់គ្នាក៏ពិតមែន ប៉ុន្តែកម្ពុជាបានតាមដាន និងកត់ត្រាទុកជាបន្តបន្ទាប់ នូវសកម្មភាពមិនស្មោះត្រង់មួយ ចំនួនរបស់ភាគីថៃ។ ចំណែកផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដែលបង្កឡើងដោយអំពើឈ្លានពាន របស់ភាគីថៃនោះ ក៏នៅតែជាបន្ទុកដែលត្រូវដោះស្រាយយ៉ាងអាទិភាពជាបន្តបន្ទាប់ដែរ ។

ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា «គិតមកដល់ពេលនេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន ៤ម៉ឺននាក់ មានប្រមាណជាង៥ សែន៣ម៉ឺននាក់ ឬជិត៨៣% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ។ មានពលរដ្ឋ ភៀសសឹកចំនួន១១២.២៧៧នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំនានា ក្នុងនោះស្ត្រីមានចំនួន៥៨.៨៥៥នាក់ និងកុមារចំនួន៣៦.៧៥៩នាក់»៕

To Top