ព័ត៌មានជាតិ

គិតត្រឹមឆ្នាំ ២០២៥ ពលរដ្ឋកម្ពុជា ដែលទទួលបានអត្ថប្រយោជន៍តាមរយៈ  ប​.ស.ស​.របស់រដ្ឋាភិបាល កើនដល់ជាង ៣,៥៣ លាននាក់

ភ្នំពេញ:គិតត្រឹមឆ្នាំ ២០២៥ ពលរដ្ឋសរុបចំនួន ៣,៥៣៦,៥០៩ នាក់ ដែលក្នុងនោះមានស្រ្ដីចំនួន ១​,៩៤២,១២០ នាក់ បានចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស ដើម្បីទទួលសេវាព្យាបាលសុខភាព និងថែទាំវេជ្ជសាស្រ្ត រួមទាំងប្រាក់បំណាច់មាតុភាព តាមរយៈរបបភាគទានស្ម័គ្រចិត្ត។នេះបើយោងតាម លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

លោក ស៊ុន មេសា បានគូសបញ្ជាក់ថា ការកើនឡើង ​នៃ​ចំនួន​សមាជិក​ ប​.​ស​.​ស ជា​បន្តបន្ទាប់​នេះ ដោយសារ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​មកលើ​សេ​វា ប​.​ស​.​ស និង​យល់ដឹង​ពី​អត្ថប្រយោជន៍​ផ្សេងៗ។ មាន​ប័ណ្ណ ប​.​ស​.​ស​. ជួយ​សម្រាល​បន្ទុក​នៅក្នុង​គ្រួសារ​បាន​យ៉ាងច្រើន​នៅពេល​ទៅ​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ផ្សេងៗ ​នៅតាម​មូលដ្ឋាន​សុខាភិបាល​ជា​ដៃគូ​ជាមួយ ប​.​ស​.​ស ព្រោះ​រាល់​ការ​ចំណាយ​គឺជា​បន្ទុក​របស់ ប​.​ស​.​ស។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ក្នុងចំណោមសមាជិកសរុប មានស្ត្រីជិត ២ លាននាក់ ដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធីឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ។ សូមបញ្ជាក់ថា គិតចាប់តាំងពីការចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភសរុបប្រមាណ ៤០៩,៩៦៤ លានរៀលដល់មាតា និងកូនៗក្នុងបន្ទកប្រមាណ ១,៤២ លាននាក់។

លោកបានបញ្ជាក់ថា តាមរយៈប័ណ្ណ ប.ស.ស ស្រ្តីមានផ្ទៃពោះ នឹងទទួលបានថវិកាពីរដ្ឋចំនួន១៤លើក រាប់ចាប់ពីពេលពពោះរហូតសម្រាលកូន បានអាយុ២ឆ្នាំ ដោយមួយលើកទទួលបានថវិកា៨ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភសម្រាប់កូនចំនួន៨០ម៉ឺនរៀល។ ថវិកា ដែលផ្ដល់ជូននេះ ដើម្បីលើកកម្ពស់សុខុមាលភាពទារក និងកង្វះអាហារូបត្ថម្ភ។

ជាមួយគ្នានេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់អាចប្រើប្រាស់សេវាព្យាបាល នៅតាមមន្ទីរពេទ្យជាដៃគូ ប.ស.សសរុបចំនួន ១,៦១៧ កន្លែង (សាធារណៈ ១,៤៤២ និងឯកជន ១៧៥) នៅទូទាំងប្រទេសដោយឥតគិតថ្លៃ៕

To Top