ក្រសួងការងារ ពង្រឹងចំណេះដឹងច្បាប់ការងារ ដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក និង សហជីពជាង ៣០០នាក់ ក្នុងខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី បទប្បញ្ញត្តិច្បាប់ស្តីពីការងារ ជូនដល់រដ្ឋបាល សហជីព និងប្រតិភូបុគ្គលិក មកពីបណ្តាសហគ្រាស គ្រឹះស្ថាន និងរោងចក្រនានា។

វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដែលមានការចូលរួមពីសិក្ខាកាមប្រមាណ ៣០០នាក់ មកពីសហគ្រាសចំនួន ១០០ ក្នុងខេត្តកំពង់ស្ពឺ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមដល់តួអង្គពាក់ព័ន្ធឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ការងារ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ។ ចំណេះដឹងនេះនឹងជួយឱ្យការអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាឱ្យបាននូវអនុលោមភាពតាមច្បាប់ និងលើកកម្ពស់ផលិតភាពការងារនៅក្នុងសហគ្រាសនីមួយៗ។

ខ្លឹមសារសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ បានផ្ដោតលើប្រធានបទធំៗចំនួន ៣ រួមមាន លក្ខខណ្ឌទូទៅនៃការងារ ការអនុវត្តកិច្ចសន្យាការងារ និង យន្តការដោះស្រាយវិវាទការងារ ដែលសុទ្ធសឹងតែជាចំណេះដឹង គន្លឹះសម្រាប់ សម្របសម្រួលទំនាក់ទំនង រវាងកម្មករនិយោជិត និងនិយោជក ក្នុងគោលដៅបង្ការ និងកាត់បន្ថយជម្លោះការងារ ដែលអាចប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្ម។

មានប្រសាសន៍ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍចំណេះដឹងផ្នែកច្បាប់ដល់ភាគីពាក់ព័ន្ធ គឺជាការវិនិយោគលើមូលធនមនុស្សដ៏សំខាន់ ដើម្បីទ្រទ្រង់ស្ថិរភាពសង្គម និងសេដ្ឋកិច្ចជាតិ។ ទន្ទឹមនឹងនេះ លោកក៏បានផ្តល់អនុសាសន៍ជំរុញ ឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុក ដាក់ក្រេបជញ្ជក់ចំណេះដឹង និងត្រូវមានកិច្ចសហការជិតស្និទ្ធ ជាមួយមន្ត្រីជំនាញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា នៅកន្លែងធ្វើការឱ្យបានទាន់ពេលវេលា ប្រកបដោយវិជ្ជាជីវៈ និងតម្លាភាព៕




