ក្រសួងការងារ និងKOICA ពិភាក្សាលើការអនុវត្តគម្រោង ដើម្បីលើកកម្ពស់ ជំនាញយុវជនកម្ពុជា និងឱកាសទទួល បានការងារ ធ្វើនៅប្រទេសកូរ៉េ
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា និង គណៈប្រតិភូ លើការអនុវត្ត «គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការ ឧស្សាហកម្មនៅកម្ពុជា ឆ្នាំ២០២៦–២០៣០» នារសៀលថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

នាឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ KOICA ដែលបាននិងកំពុងរួមចំណែក ដល់ការអភិវឌ្ឍជាច្រើននៅកម្ពុជា និងបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការពង្រីកកិច្ចសហប្រតិបត្តិការនេះ ដែលនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន ជាពិសេស ការគាំទ្រដល់ការលើកកម្ពស់កម្លាំងពលកម្មកម្ពុជា ឱ្យក្លាយជាកម្លាំងពលកម្មមានជំនាញច្បាស់លាស់ ដែលជាទិសដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល។

លោកបានបញ្ជាក់ ពីការ ប្តេជ្ញាចិត្ត ខ្ពស់នៅ ក្នុងការអនុវត្តគម្រោងនេះ តាមរយៈអនុស្សរណៈ នៃការយោគយល់ គ្នាកាលពីឆ្នាំ២០២៤ ដោយមានគោលបំណងលើកកម្ពស់ វិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ នៅកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារកម្លាំងពលកម្មទាំងនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែស្របតាមទិសដៅអាទិភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាផងដែរ។

តាមរយៈការអនុវត្តគម្រោងនេះផងដែរ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា នឹងអាចបង្កើតកម្លាំងពលកម្មជំនាញ កាន់តែច្រើនលើជំនាញ មេកានិកឧស្សាហកម្ម, ជំនាញផ្សាអគ្គិសនី និងជំនាញសំណង់ ដែលឆ្លើយតបនឹងលក្ខខណ្ឌ និងតម្រូវការទីផ្សារការងារ របស់សាធារណរដ្ឋកូរ៉េ ។

លោកស្រី ឆយ ម៉ូន ជុង បានបង្ហាញនូវការពេញចិត្ត ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោង ដែលមានគោលដៅរួម គឺធានាឱ្យសិស្ស-និស្សិតកម្ពុជា អាចបង្កើនជំនាញ វិជ្ជាជីវៈបានយ៉ាង ពេញលេញទាំងចំណេះដឹង ផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅសាលា។ គម្រោងនេះ មិនត្រឹមតែផ្តល់ការបណ្តុះបណ្តាលសិស្ស-និស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់ពួកគេទៅនឹងឱកាសការងារ នៅក្រៅប្រទេស ព្រោះថាគម្រោងនេះ ក៏នឹងផ្តល់នូវបទពិសោធ កម្រិតស្តង់ដាឧស្សាហកម្មសកលទៀតផង។

ជាមួយនឹងការថ្លែងអំណរគុណដល់ KOICA និងក្រុមការងារជំនាញទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម ក្នុងការបង្កើតឱ្យមានគម្រោង ដែលនឹងចាប់ផ្តើម ដំណើរការនាពេលឆាប់ៗ ខាងមុខនេះ ឯកឧត្ដមរដ្ឋមន្រ្តីក៏បាន សំណូមពរដល់ KOICA សូមជួយបង្កើនសមត្ថភាព ភាសាកូរ៉េដល់សិស្ស-និស្សិតកម្ពុជា ដើម្បីឱ្យពួកគេងាយស្រួលយល់ ដឹងអំពីមេរៀន ក៏ដូចជាទទួលបានចំណេះដឹងពេញ លេញពីការបណ្តុះបណ្តាលនៅសាលាផងដែរ៕




