ភ្នំពេញ ៖ នាឱកាសវេទិកា ទេសចរណ៍អាស៊ានឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមកម្មវិធីពិសា អាហារការងារថ្ងៃត្រង់ ដែលរៀបចំដោយក្រុមហ៊ុន Agoda។

Agoda គឺជាថ្នាលកក់សេវាទេសចរណ៍ តាមអ៊ីនធឺណិត (កក់សណ្ឋាគារ, រមណីយដ្ឋាន, អាផាតមិន, កក់សំបុត្រយន្តហោះ, កក់សេវាដឹកជញ្ជូន និងសកម្មភាពទេសចរណ៍ផ្សេងៗទៀត)។ Agoda មានភាពពេញនិយមខ្លាំង នៅតំបន់អាស៊ី និងនៅទូទាំងពិភពលោក។
យោងរបាយការណ៍ មានអ្នកធ្វើដំណើររាប់សិបលាននាក់ប្រើប្រាស់ ឬចូលទស្សនា Agoda រៀងរាល់ខែ ហើយកម្មវិធី Agoda ត្រូវបានដំឡើងប្រើប្រាស់លើសពី ១០០លានដងទូទាំងពិភពលោក ដែលធ្វើឱ្យ Agoda ក្លាយជាថ្នាលទេសចរណ៍ តាមអ៊ីនធឺណិតដ៏សំខាន់មួយ នៅលើពិភពលោក។
តាមរយៈជំនួបពិភាក្សាអាហារការងារនេះ, កម្ពុជារំពឹងថាសក្តានុពលទេសចរណ៍កម្ពុជា នឹងមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀត នៅក្នុងតំបន់ និងពិភពលោក៕ ដោយ៖ ដារាត់| ដើមអម្ពិល
