ព័ត៌មានជាតិ

លោក ហួត ហាក់ ៖ កម្ពុជា អនុវត្តជោគជ័យ នៃឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា ២០២៤-២០២៥ ខណៈឥណ្ឌា ជាទីផ្សារដ៏មានសក្តានុពល

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា កម្ពុជា អនុវត្តដោយជោគជ័យ នៃឆ្នាំទេសចរណ៍ កម្ពុជា–ឥណ្ឌា ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដែលឥណ្ឌា គឺជាទីផ្សារមួយដ៏មានសក្តានុពល​ សម្រាប់កម្ពុជា ។

ខាងលើនេះ ជាការកត់សម្គាល់របស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា កាលពីថ្ងៃទី៣០​ ខែមករា ឆ្នាំ២០២៦ ចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកឥណ្ឌា លើកទី១៣ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ដោយមានការអញ្ជើញចូលរួម ពី​រដ្ឋមន្ត្រីទេសចរណ៍​ នៃប្រទេសសមាជិកអាស៊ានទាំង១១, លោកអគ្គលេខាធិការរងអាស៊ាន, លោកឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំអាស៊ាន ព្រមទាំងប្រតិភូប្រមាណ១០០នាក់ ក្រោមអធិបតីភាព របស់សហប្រធាន លោកជំទាវ ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន និងលោក Gajendra Singh Shekhawat រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃសាធារណរដ្ឋឥណ្ឌា។

លោករដ្ឋមន្ត្រី​ ហួត ហាក់ បានកត់សម្គាល់ចំពោះវឌ្ឍនភាពវិជ្ជមាន ដែលសម្រេចបាន ក្រោមក្របខណ្ឌនៃផែនការ ការងារទេសចរណ៍អាស៊ាន–ឥណ្ឌា ឆ្នាំ២០២៣–២០២៧ ព្រមទាំងការអនុវត្តប្រកបដោយជោគជ័យ នៃឆ្នាំទេសចរណ៍អាស៊ាន–ឥណ្ឌា ឆ្នាំ២០២៥។ ក្នុងបរិបទនេះ កម្ពុជា ក៏បានបញ្ជាក់ផងដែរ អំពីការអនុវត្តដោយជោគជ័យ នៃឆ្នាំទេសចរណ៍ កម្ពុជា–ឥណ្ឌា ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដែលឥណ្ឌា គឺជាទីផ្សារមួយ​ ដ៏មានសក្តានុពលសម្រាប់កម្ពុជា។ ជាពិសេស ការតភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ រវាងទីក្រុងភ្នំពេញ និងទីក្រុងញូវដែលី ព្រមទាំងរវាងទីក្រុងសៀមរាប និងទីក្រុងកុលកាតា បានលើកកម្ពស់ភាពងាយស្រួល ក្នុងការធ្វើដំណើរ និងជំរុញលំហូរភ្ញៀវទេសចរឥណ្ឌា ឱ្យកើនឡើងបន្ថែមទៀត។

ជាមួយគ្នានេះ លោក ហួត ហាក់ ក៏បានថ្លែងផងដែរថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន–ឥណ្ឌាបន្ថែមទៀត យើងមានចំណុចអាទិភាពមួយចំនួន ដែលត្រូវយកចិត្តទុកដាក់ រួមមាន៖ ការលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍រួម ឱ្យកាន់តែមានប្រសិទ្ធភាព, ការធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់ផ្លូវអាកាស ផ្លូវសមុទ្រ និងទេសចរណ៍តាមនាវាទេសចរណ៍, ការពង្រឹងកិច្ចសហការ លើការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តភាពនិងបរិយាបន្ន, និង ការពង្រឹងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការជំរុញការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន។

ចំពោះកម្ពុជា គឺជាគោលដៅទេសចរណ៍ ដែលមានសុវត្ថិភាព និងបានត្រៀមខ្លួនជាស្រេច ក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ភ្ញៀវទេសចរឥណ្ឌាបន្ថែមទៀត មកទស្សនាតំបន់ទេសចរណ៍បេតិកភណ្ឌ គោលដៅទេសចរណ៍សាសនា និងគោលដៅទេសចរណ៍ ផ្នែកសុខុមាលភាព ព្រមទាំងផលិតផលទេសចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជា៕ ដោយ៖​ ដារាត់| ដើមអម្ពិល

To Top