រូបថតផ្កាយរណបបង្ហាញពីសកម្មភាពកើតឡើងនៅទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈដែលភាពតានតឹងកើនឡើងជុំវិញការបង្ក្រាបការតវ៉ា
បរទេស៖ ខណៈពេលដែលភាពតានតឹងកើនឡើងជុំវិញការបង្ក្រាបបង្ហូរឈាមរបស់អ៊ីរ៉ង់លើការតវ៉ាទូទាំងប្រទេស រូបភាពពីផ្កាយរណបបានបង្ហាញពីសកម្មភាពកំពុងកើតឡើងនៅកន្លែងនុយក្លេអ៊ែរអ៊ីរ៉ង់ ពីរកន្លែងដែលត្រូវបានទម្លាក់គ្រាប់បែកកាលពីឆ្នាំមុនដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដែលអាចជាសញ្ញាមួយដែលបង្ហាញថា ទីក្រុងតេអេរ៉ង់កំពុងព្យាយាមបិទបាំងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះសម្ភារៈណាមួយដែលនៅសេសសល់នៅទីនោះ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា រូបភាពពី Planet Labs PBC បង្ហាញថា ដំបូលគឺត្រូវបានសាងសង់លើអគារខូចខាតពីរកន្លែងនៅឯកន្លែងទីតាំង Isfahan និង Natanz ដែលជាសកម្មភាពសំខាន់ដំបូងដែលអាចមើលឃើញដោយផ្កាយរណបនៅកន្លែងនុយក្លេអ៊ែរដែលរងការវាយប្រហារណាមួយរបស់ប្រទេសចាប់តាំងពីសង្គ្រាមរយៈពេល ១២ ថ្ងៃរបស់អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ក្នុងខែមិថុនា។
ការគ្របដណ្ដប់ពីការសាងសង់ទាំងនោះ បានរារាំងផ្កាយរណបពីការមើលឃើញអ្វីដែលកំពុងកើតឡើងនៅលើដី — ឥឡូវនេះជាមធ្យោបាយតែមួយគត់សម្រាប់អធិការកិច្ចមកពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិដើម្បីត្រួតពិនិត្យទីតាំងទាំងនោះ ខណៈដែលអ៊ីរ៉ង់បានរារាំងការចូលប្រើប្រាស់។
អ៊ីរ៉ង់មិនទាន់បានពិភាក្សាជាសាធារណៈអំពីសកម្មភាពនៅទីតាំងទាំងពីរនេះទេ។ ចំណែកខាង IAEA ដែលជាទីភ្នាក់ងារឃ្លាំមើលរបស់អង្គការសហប្រជាជាតិ ក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះដែរ៕
ប្រែសម្រួលៈ ណៃ តុលា
