ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ៧៥៣នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ៧៥៣នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈមានពលរដ្ឋភៀសសឹកចំនួន ១១១.៥០៩នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំនានា។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី៣១ ខែមករា ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះ អាវុធដាក់គ្នានោះឡើយ។

យ៉ាងណាក៏ដោយក្នុងរយៈពេលនេះ កម្ពុជាបានតាមដាន និងកត់ត្រាទុកជាបន្តបន្ទាប់ នូវ សកម្មភាពមិនស្មោះត្រង់មួយចំនួនរបស់ភាគីថៃ។ ចំណែកផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដែល បង្កឡើងដោយអំពើឈ្លានពាននោះ ក៏នៅតែជាបន្ទុកត្រូវដោះស្រាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «មានពលរដ្ឋភៀសសឹក ៧៥៣នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណជិត៥សែន៤ម៉ឺននាក់ ឬស្មើ នឹង៨៣% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ។ ដូច្នេះ មានពលរដ្ឋភៀសសឹកចំនួន១១១.៥០៩នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំនានា ក្នុងនោះស្ត្រីមានចំនួន៥៨.៤៤៨នាក់ និងកុមារចំនួន ៣៦.៤៩៤នាក់»៕

To Top