កម្ពុជា ស្វាគមន៍ អ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពល លើបណ្តាញសង្គមកូរ៉េខាងត្បូង ក្នុងការស្វែងយល់បន្ថែមពីគោលដៅទេសចរណ៍ មានសុវត្ថិភាព និងសម្បូរបែបរបស់កម្ពុជា
ភ្នំពេញ៖ ឆ្លៀតឱកាសនៃវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ និង កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ) លើកទី២៥, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយ លោក KIM JAE-SHIN អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន កូរ៉េ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍កម្ពុជា-សាធារណរដ្ឋកូរ៉េ។ ក្នុងន័យនេះ តាមរយៈការចូលរួម ពិព័រណ៍ទេសចរណ៍អន្តរជាតិ ទីក្រុងសេអ៊ូល ឆ្នាំ២០២៥ និងជំនួបពិភាក្សាការងារជាមួយ លោកអគ្គលេខាធិការមជ្ឈមមណ្ឌលអាស៊ាន កូរ៉េ ទទួលបានលទ្ធផលគួរជាទីកត់សម្គាល់។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់ថាំ កម្ពុជា សូមស្វាគមន៍ កិច្ចសហប្រតិបត្តិការលើការរៀបចំ ដំណើរទស្សនកិច្ចសិក្សា (FAM trips) របស់សារព័ត៌មាន និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ដើម្បីបន្ថែមការយល់ដឹង និងលើកកម្ពស់រូបភាពកម្ពុជា ជាគោលដៅទេសចរណ៍ មានសុវត្ថិភាព ទាក់ទាញ និងសម្បូរបែបសម្រាប់ភ្ញៀវទេសចរកូរ៉េ៕
ដោយ៖ ដារាត់| ដើមអម្ពិល
