លោក ស៊ុន ចាន់ថុល៖ គំនិតផ្ដួចផ្ដើម ខ្សែក្រវាត់និងផ្លូវ (BRI) របស់ចិន ជាកម្លាំងចលករផ្លាស់ប្តូរកម្ពុជាពី “ប្រទេសដែលមានសក្តានុពល” ទៅជា “ប្រទេសដែលមានការរីកចម្រើនពិតប្រាកដ”
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកឡើងថា គំនិតផ្ដួចផ្ដើម ខ្សែក្រវាត់និងផ្លូវ (BRI) ជាកម្លាំងចលករផ្លាស់ប្តូរកម្ពុជាពី “ប្រទេសដែលមានសក្តានុពល” ទៅជា “ប្រទេសដែលមានការរីកចម្រើនពិតប្រាកដ។
ថ្លែងក្នុងកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៥ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃសភាពាណិជ្ជកម្មចិននៅកម្ពុជា កាលពីថ្ងៃទី៣១ មករា ២០២៦ លោក ស៊ុន ចាន់ថុល បានរំលេចនូវមោទនភាពចំពោះទំនាក់ទំនង “មិត្តភាពដែកថែប” ដែលបានចាក់គ្រឹះយ៉ាងរឹងមាំអស់រយៈពេលជាងបីទសវត្សរ៍។
លោកបានគូសបញ្ជាក់ថា ភាពជោគជ័យនៃចំណងទាក់ទងនេះ មិនត្រឹមតែស្តែងចេញតាមរយៈកិច្ចព្រមព្រៀងកម្រិតរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការតភ្ជាប់ដោយស្មោះត្រង់រវាងប្រជាជន និងប្រជាជន ក្នុងស្មារតីកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី»។ ការកសាងវាសនារួមនេះ បាននាំមកនូវការបង្កើតការងារ ការផ្ទេរចំណេះដឹង និងការកសាងឱកាសសម្រាប់យុវជនកម្ពុជា ខណៈសភាពាណិជ្ជកម្មចិន ត្រូវបានប្រសិទ្ធនាមថាជា “ស្ពានតភ្ជាប់ដ៏មានឥទ្ធិពល” ដែលបានជំរុញឱ្យសហគ្រាស នៃប្រទេសទាំងពីរ ដើរទន្ទឹមគ្នាលើមាគ៌ាអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។
ក្រឡេកមកមើលលើទិដ្ឋភាព នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លោក ស៊ុន ចាន់ថុល បានលើកឡើងពីតួនាទីដ៏សំខាន់នៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” (BRI) ដែលជាកម្លាំងចលករផ្លាស់ប្តូរកម្ពុជាពី “ប្រទេសដែលមានសក្តានុពល” ទៅជា “ប្រទេសដែលមានការរីកចម្រើនពិតប្រាកដ”។
លោកបានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន រួមមានផ្លូវថ្នល់ជាង ៣,០០០ គីឡូម៉ែត្រ ស្ពានយុទ្ធសាស្ត្រ អាកាសយានដ្ឋានទំនើប និងផ្លូវល្បឿនលឿន ដែលបានកាត់បន្ថយថ្លៃដើមឡូជីស្ទីក និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។ លើសពីនេះ ក្នុងឆ្នាំ ២០២៥ ការវិនិយោគផ្ទាល់ពីចិនមានចំនួនរហូតដល់ជាង ៥០% នៃ FDI សរុប ដែលជាសក្ខីភាពបង្ហាញពីទំនុកចិត្តខ្ពស់របស់អ្នកវិនិយោគចិនមកលើស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឈានទៅរកទិសដៅអនាគត លោក ស៊ុន ចាន់ថុល បានអំពាវនាវយ៉ាងទទូចឱ្យមានការវិនិយោគ លើវិស័យអាទិភាពខ្ពស់ ដើម្បីរុញច្រានកម្ពុជា ឱ្យកាន់តែមានភាពធន់ក្នុងយុគសម័យឌីជីថល។ ក្នុងនោះរួមមាន ការជំរុញផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ការកែច្នៃកសិផលឱ្យមានម៉ាកយីហោល្បីៗលើទីផ្សារអន្តរជាតិ ការវិនិយោគលើថាមពលបៃតង និងការកសាងប្រព័ន្ធឡូជីស្ទីកវៃឆ្លាត។ លោកបានសង្កត់ធ្ងន់ថា ក្នុងក្របខ័ណ្ឌនៃសហគមន៍វាសនារួម កម្ពុជាមិនត្រឹមតែចង់បានបរិមាណវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែគឺផ្ដោតលើ “គុណភាព និងចីរភាព” ដែលអាចជួយឱ្យកម្ពុជាក្លាយជាថ្នាំងឡូជីស្ទីក ដ៏សំខាន់នៅក្នុងច្រករបៀងមេគង្គ។
លោក ស៊ុន ចាន់ថុល បានគូសរំលេចថា ដើម្បីគាំទ្រដល់មហិច្ឆតា នៃការកសាងអនាគតរួមគ្នាដ៏រុងរឿងនេះ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួន ជាស្រេចក្នុងការដោះស្រាយរាល់បញ្ហារាំងស្ទះតាមរយៈយន្តការថ្មីៗ។
លោកបានប្រកាសពីការដាក់ឱ្យដំណើរការ “វេទិកាសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-ចិន” (PPSD) ដែលនឹងចាប់ផ្តើមកិច្ចសន្ទនាលើកទី១ នៅខែកុម្ភៈខាងមុខនេះ ហើយនឹងត្រូវរៀបចំឡើងរៀងរាល់ ៦ខែម្តង ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់អ្នកវិនិយោគដោយផ្ទាល់។ ការប្តេជ្ញាចិត្តនេះ ត្រូវបានពង្រឹងបន្ថែមតាមរយៈការធ្វើកំណែទម្រង់រដ្ឋបាលឌីជីថល ការលើកកម្ពស់តម្លាភាព និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស (TVET) ដើម្បីធានាថាអ្នកវិនិយោគនឹងទទួលបាននូវបរិយាកាសធុរកិច្ចដែលងាយស្រួល និងអាចប៉ាន់ប្រមាណបាន។
ដោយមានការយកចិត្តទុកដាក់លើ ការជំរុញវិស័យអាទិភាព លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ ពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ដំឡើងនិងតែងតាំង លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពីសមាជិក មកជាអនុប្រធានទី៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការតែងតាំងនេះ គឺជាជំហានយុទ្ធសាស្ត្រមួយក្នុងការដោះស្រាយចំពោះ បញ្ហាប្រឈមនានារបស់អ្នកវិនិយោគ ក្នុងវិស័យរ៉ែ និងជាពិសេសវិស័យថាមពល ដែលជាឆ្អឹងខ្នងនៃការជំរុញកំណើនឧស្សាហកម្ម និងផលិតកម្ម នៅកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែង និងភាពធន់។
ជាចុងក្រោយ លោក ចាន់ថុល បានផ្ញើសារដ៏មានឥទ្ធិពលតាមរយៈសុភាសិតបែបទស្សនវិជ្ជាពីរឃ្លា រួមមាន “សសរមួយដើមមិនអាចទ្រផ្ទះបាន” និង “បើចង់ទៅឱ្យឆ្ងាយ ត្រូវទៅជាមួយគ្នា” ដើម្បីរំលឹកថា ភាពជោគជ័យដ៏អស្ចារ្យនាពេលអនាគត គឺអាស្រ័យលើការរួមរួមកម្លាំងគ្នារវាងរដ្ឋ និងឯកជន ក្នុងនាមជាសមាជិកនៃសហគមន៍វាសនារួមតែមួយ។ ក្នុងនាមជាដៃគូដែល “ដឹងកម្លាំងគ្នាក្នុងផ្លូវឆ្ងាយ” កម្ពុជានៅតែបន្តស្វាគមន៍សហគ្រាសចិនគ្រប់លំដាប់ថ្នាក់ ឱ្យមកបណ្តាក់ទុន និងរីកចម្រើនជាមួយគ្នា ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដែលមានភាពរុងរឿង និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកក្នុងយុគសម័យថ្មីនេះ៕






