ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ មណ្ឌលសុខភាពរីកចម្រើន ប្រព័ន្ធសុខាភិបាលនឹងរីកចម្រើន

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យការបម្រើ សេវាសុខាភិបាល និងសួរសុខទុក្ខ សំណេះ សំណាលជាមួយ បុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាពចុងកាល់ ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា មណ្ឌលសុខភាពរីកចម្រើន គឺប្រព័ន្ធសុខាភិបាលក៏នឹងរីកចម្រើនដែរ ។

ក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញនូវក្តីនឹករលឹក និងមោទនភាពខ្ពស់ចំពោះការរីកចម្រើន ការវិវឌ្ឍរបស់មណ្ឌលសុខភាព និងមន្ត្រីសុខាភិបាលគ្រប់រូប ដោយបានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ បន្តពង្រឹងការបម្រើសេវាប្រកបដោយ គុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរនូវការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការស្មោះស្ម័គ្ររបស់មន្ត្រីសុខាភិបាល ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ ដែល «គ្រូពេទ្យគ្រប់រូប គឺជាស្នូល សំខាន់របស់សុខាភិបាល» ធ្វើឱ្យប្រព័ន្ធសុខាភិបាល អាចដំណើរការបានប្រសើរឡើងជាបន្តបន្ទាប់៕

To Top