ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ដំណើរការសន្និបាត បូកសរុបលទ្ធផលការងារ វិស័យទេសចរណ៍ ឆ្នាំ២០២៥ និងលើកទិសដៅ ការងារ ឆ្នាំ២០២៦

" "

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដំណើរការបើកសន្និបាត បូកសរុបលទ្ធផលការងារ វិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ ដឹកនាំដោយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ នៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ ។

ក្រសួងទេសចរណ៍ ក្រោមការដឹកនាំ របស់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញ ការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ការដាក់ចេញនូវសសរស្តម្ភជាយុទ្ធសាស្ត្រនៃ កិច្ចសហប្រតិបត្តិការទាំង៦ បន្តអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី ឆ្នាំ២០២២-២០៣៥ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តកែប ឆ្នាំ២០២៣-២០៣៥ ជំរុញការគ្រប់គ្រង និងអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ ។

" "

ក្នុងនោះមូលដ្ឋាន អាជីវកម្មចំនួន ៩ ១៨១អាជ្ញាបណ្ណ បាននិងកំពុងដំណើរការ ដែលស្រូបទាញកំលាំងពលកម្មប្រមាណ ៥៨ ៦១១នាក់ និងបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ តាមរយៈយន្តការគណៈកម្មាធិការ និងគណៈកម្មការនានា រួមមាន ១) គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ២) គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ៣) គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍អេកូទេសចរណ៍ ៤) គណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារ ព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស។

" "

នៅថ្នាក់ក្រោមជាតិ ក្រសួងទេសចរណ៍ ក៏បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ រាជធានី ខេត្ត ដែលដើរតួនាទីជាអង្គភាពគ្រប់គ្រង គោលដៅទេសចរណ៍ (DMOs) ដោយបានសហការរៀបចំផែនការ អភិវឌ្ឍទេសចរណ៍រាជធានី ខេត្ត និងបានតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាទៀងទាត់។

លើសពីនេះទៅទៀត ក្រសួងទេសចរណ៍ បានរៀបចំសិក្សា និងបន្តការដាក់ចេញ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍទេសចរណ៍ ដូចជា៖ គោលនយោបាយ ស្តីពីទេសចរណ៍ពិសិដ្ឋ ផែនការអភិវឌ្ឍទេសចរណ៍មូស្លីម ឆ្នាំ២០២៣-២០២៧ ស្របតាមគោលនយោបាយ និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ ក្រោមទិសស្លោក «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីទេសចរណ៍» «ទេសចរណ៍រីកលូតលាស់ ក្នុងសន្តិភាព» និង «បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយ ទេសចរណ៍កម្ពុជាម្នាក់!» សំដៅជំរុញកំណើនទេសចរណ៍ ប្រកបដោយចីរភាព បរិយាបន្ន និងការប្រកួតប្រជែង ដើម្បីបង្កើត និងបង្កើនឱកាសមុខរបរ ការងារ ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ៕ ដោយ៖ ដារាត់| ដើមអម្ពិល

To Top