ព័ត៌មានជាតិ

ប្រេស៊ីល និងកម្ពុជា រួមគ្នាប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មបរិស្ថាន ដោយអនុវត្តវិធានការ ច្បាប់ជាតិ-អន្តរជាតិ

" "

ភ្នំពេញ ៖ កិច្ចសហប្រតិបត្តិការទ្វេភាគី រួមគ្នាប្រឆាំងនឹងឧក្រិដ្ឋកម្មបរិស្ថាន ដោយអនុលោមតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ គឺជាវិធានការដ៏មានប្រសិទ្ធភាព ក្នុងការទប់ស្កាត់នូវការបាត់បង់ សត្វព្រៃដោយការជួញដូរ និងការកាប់សម្លាប់សត្វព្រៃ ធនធានធម្មជាតិ និងសកម្មភាពផ្សេងៗ ដែលធ្វើឱ្យបាត់បង់ និងរេចរិលព្រៃឈើ នៅក្នុងភូមិសាស្រ្តតំបន់ត្រូពិក។

ការលើកឡើងនេះ គឺមាននៅក្នុងជំនួបសម្តែង ការគួរសមរវាង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ជាមួយលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

" "

ជាមួយគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃសម្ព័ន្ធភាពប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មបរិស្ថាន ផ្តួចផ្តើមដោយប្រេស៊ីល ហើយស្របទៅនឹង យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន រួមមាន ភាពស្អាត ភាពបៃតង និង ចីរភាព ដែលក្រសួងកំពុងអនុវត្តយ៉ាងសកម្ម ដើម្បីឆ្លើយតបការប្រឆាំង នឹងឧក្រិដ្ឋកម្មបរិស្ថាន។

" "

ក្នុងនោះ ក្រសួងបរិស្ថាន បានអប់រំ និងបញ្រ្ជាបចំណេះដឹងទាំងនេះជារៀងរាល់ថ្ងៃ តាមរយៈការផ្សព្វផ្សាយ ការអនុវត្តច្បាប់ ក្រមបរិស្ថាន ធនធានធម្មជាតិយ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែង ប៉ុន្តែក៏នៅតែមានផលប៉ះពាល់ពីជម្លោះព្រំដែន ដែលបណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិតសត្វដំរីម្តាយនិងកូន និងជីវិតសត្វព្រៃដទៃទៀត ដែលត្រូវផ្លាស់ទីទៅកាន់កន្លែងមានសុវត្ថិភាពជាដើម។

កិច្ចសហប្រតិបត្តិទ្វេភាគី រវាងប្រេស៊ីល-កម្ពុជា បានប្តេជ្ញាចិត្តរួមគ្នា ដោយបង្កើតជាក្របខ័ណ្ឌរួម នៃកិច្ចសហការអន្តរជាតិ ក្នុងការទប់ស្កាត់ការ ជួញដូរសត្វព្រៃ និងការកាប់ព្រៃឈើខុសច្បាប់ ដែលការណ៍នេះមិនចំពោះតែកម្ពុជាទេ គឺស្ថិតនៅក្នុងភូមិសាស្រ្តតំបន់ត្រូពិក ដោយអនុលោមតាមច្បាប់ជាតិ និងអន្តរជាតិដើម្បីការពារ ថែរក្សាបរិស្ថាន សម្រាប់មនុស្សជំនាន់ក្រោយ ៕

To Top