អាជ្ញាធរមណ្ឌលគិរីអះអាងថា ផែនការអភិវឌ្ឍន៍ទេសចរណ៍ ២០២១–២០២៥ សម្រេចបានជិត ៩០%
មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី អះអាងថា ការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម រយៈពេល ៥ឆ្នាំ (២០២១–២០២៥) សម្រេចបានជិត ៩០ភាគរយ នៃគម្រោងដែលបានគ្រោងទុក ខណៈនៅមានគម្រោងមួយចំនួនមិនទាន់អនុវត្តបានពេញលេញ។

ការអះអាងនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំវាយតម្លៃបញ្ចប់អាណត្តិ នៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពលោក ងិន សុវិមាន អភិបាលរងខេត្ត និងលោក ម៉ែន ភារម្យ ប្រធាននាយកដ្ឋានផែនការ និងអភិវឌ្ឍន៍ទេសចរណ៍។

លោក ងិន សុវិមាន មានប្រសាសន៍ថា វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី កំពុងស្ថិតនៅក្នុងដំណាក់កាលកំណើន និងមានសក្តានុពលសម្រាប់ការវិនិយោគនាពេលអនាគត ដោយអាចបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចខេត្ត និងសេដ្ឋកិច្ចជាតិ។ លោកថា រាជរដ្ឋាភិបាលបានដាក់ចេញផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍ឆ្លើយតបទៅនឹងចក្ខុវិស័យអភិវឌ្ឍន៍ជាតិរហូតដល់ឆ្នាំ២០៣៥។

ចំណែក លោក ម៉ែន ភារម្យ បានឱ្យដឹងថា តាមលទ្ធផលវាយតម្លៃ គម្រោងអភិវឌ្ឍន៍ទេសចរណ៍សរុបចំនួន ១២១គម្រោង ត្រូវបានដាក់ឱ្យអនុវត្តក្រោមយុទ្ធសាស្ត្រចំនួន ៨។ ក្នុងនោះ មានគម្រោងចំនួន ១០៨ សម្រេចបាន ១០០ភាគរយ ស្មើនឹង ៨៩.២៥ភាគរយ ខណៈគម្រោងចំនួន ៨ សម្រេចបានត្រឹម ២០ ទៅ ៧០ភាគរយ និងនៅមានគម្រោងចំនួន ៥ មិនទាន់បានអនុវត្តនៅឡើយ៕
ដោយ៖ ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
