ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ៤.៩៤៥នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈមានពលរដ្ឋភៀសសឹកចំនួន ១០៤.០៩៩នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំនានា។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ចាប់តាំង ពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះ អាវុធដាក់គ្នានោះឡើយ។ យ៉ាងណាក៏ដោយក្នុងរយៈពេលនេះ កម្ពុជាបានតាមដាន និងកត់ត្រាទុកជាបន្តបន្ទាប់ នូវ សកម្មភាពមិនស្មោះត្រង់មួយចំនួនរបស់ភាគីថៃ។ ចំណែកផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដែល បង្កឡើងដោយអំពើឈ្លានពាននោះ ក៏នៅតែជាបន្ទុកត្រូវដោះស្រាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «មានពលរដ្ឋភៀសសឹក៤.៩៤៥នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៥សែន៥ម៉ឺននាក់ ឬជិត៨៤% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ។ មានពលរដ្ឋភៀសសឹកចំនួន១០៤.០៩៩នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យ តាមជំរំនានា ក្នុងនោះស្ត្រីមានចំនួន៥៥.០៤៩នាក់ និងកុមារចំនួន៣៣.៦៩៦នាក់»៕
