ក្រសួងវប្បធម៌ តវ៉ាយ៉ាងខ្លាំងក្លា ចំពោះសកម្មភាព អាជ្ញាធរថៃ អនុវត្តនៅប្រាសាទតាមាន់ និង តាក្របី
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តវ៉ាយ៉ាងដាច់អហង្ការ ទៅកាន់ក្រសួង វប្បធម៌ថៃ ពាក់ព័ន្ធនឹងសកម្មភាពនានា ដែលអាជ្ញាធរថៃ ដែលបានអនុវត្តនៅតាមតំបន់ ប្រាសាទតាមាន់ និងប្រាសាទតាក្របី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០២៦បានឱ្យដឹងថា ក្រសួងបញ្ជាក់សារជាថ្មីឡើងវិញថា ទីតាំងប្រាសាទទាំងពីរ ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាទាំងស្រុង ដូចដែលបានកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងផែនទីដែលត្រូវបានទទួលស្គាល់ជាផ្លូវការ និងនៅតែមានសុពលភាពស្របតាមច្បាប់អន្តរជាតិ ។
ក្រសួងវប្បធម៌ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ នៃការខូចខាតធ្ងន់ធ្ងរ និងការបំផ្លិចបំផ្លាញ ស្ទើរតែទាំងស្រុង នៃប្រាសាទតាក្របី ដែលជាទីកន្លែងសក្ការៈ និងជាបេតិកភណ្ឌប្រវត្តិសាស្ត្រ ដ៏សំខាន់ដែលត្រូវបានថែរក្សាអស់រយៈពេលរាប់សតវត្សរ៍ មានតម្លៃវប្បធម៌ និងជាដួងព្រលឹង របស់ប្រជាជនខ្មែរ ។

ក្រសួងបញ្ជាក់ថា កម្ពុជាមិនអាចទទួលយកបាននូវការប្រើប្រាស់កម្លាំងណាមួយប្រឆាំងទៅលើតំបន់វប្បធម៌ និងបុរាណវិទ្យា , សកម្មភាពស្តារឡើងវិញ អភិរក្ស ចុះបញ្ជី ឬសាងសង់ណាមួយ ដែលអនុវត្តដោយឯកតោភាគី ដោយគ្មានការយល់ព្រមពីភាគីកម្ពុជា ឬសកម្មភាពណាមួយដែលប៉ះពាល់ ឬបំផ្លាញស្ថានភាពផ្លូវច្បាប់ ប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់ទាំងនេះ ។
ក្រសួងវប្បធម៌ បានអំពាវនាវឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់ នូវសកម្មភាពទាំងអស់នៅតំបន់ ប្រាសាទតាមាន់ និងប្រាសាទតាក្របីដោយគោរព អធិបតេយ្យភាពរបស់កម្ពុជា និងដោះស្រាយបញ្ហាពាក់ព័ន្ធទាំងអស់ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ។
ក្រសួងវប្បធម៌ បន្តការប្តេជ្ញាចិត្ត ក្នុងការការពារ និងថែរក្សាបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ភាពស្របច្បាប់និង គោលការណ៍ដែលត្រូវបាន គាំទ្រដោយអង្គការអន្តរជាតិ៕
