ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បន្ដបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមាន មន្ដ្រីរាជការ

" "

សៀមរាប ៖ ដោយទទួលបានការណែនាំពី លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងមហាផ្ទៃ បានបន្ដបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានគណៈអភិបាល និងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ដ្រីរាជការ និងក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ (OMS) ជូនដល់មន្ត្រីបង្គោល នៃរដ្ឋបាលខេត្តសៀមរាប, ឧត្តរមានជ័យ, ព្រះវិហារ, កំពង់ធំ, ស្ទឹងត្រែង និងកំពង់ចាម ពិធីនេះប្រារព្ធធ្វើឡើនៅសាលាខេត្តសៀមរាប។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះដែរ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុំ ចំរើន អគ្គនាយករង និងជាតំណាង លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងលោកឧត្តមសេនីយ៍ទោ អ៊ីវ វាសនា អគ្គនាយករង និងជាតំណាង លោក ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ។

" "

គួររំលឹកថា កាលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦កន្លងទៅ អគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ក៏បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ក្រុមប្រឹក្សារាជធានីខេត្ត និងប្រព័ន្ធគ្រប់គ្រងវត្តមានជូនដល់មន្ត្រីបង្គោលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ក្រចេះ មណ្ឌលគិរី និងរតនគិរី នៅសាលាខេត្តត្បូងឃ្មុំ ហើយបានបញ្ចប់វគ្គ ប្រកបដោយជោគជ័យ។

" "

ជាទិសដៅបន្ដ ក្រសួងមហាផ្ទៃ គ្រោងបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានគណៈអភិបាល និងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ដ្រីរាជការ និងក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ (OMS) នៅតាមបណ្ដាលខេត្តផ្សេងៗទៀត ដើម្បីអនុវត្តតាម អនុលោមតាមខ្លឹមសារ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រង់មុំទី៥ និងអនុវត្តតាមខ្លឹមសារយុទ្ធសាស្រ្តទី១ និងទី៦ នៃផែនការយុទ្ធសាស្រ្តស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ដែលផ្តោតទៅលើការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ការពង្រឹងសមត្ថភាពនៃការបំពេញការងារ ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងតាមប្រព័ន្ធឌីជីថល៕

To Top