ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈ តទៅ

" "

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈឆ្នាំ២០២៦នេះតទៅ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ថា ក្នុងរយៈពេល ១៦០ថ្ងៃ (គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥) ក្នុងអំឡុងពេលមានជម្លោះ ប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ការត្រួតពិនិត្យការអនុវត្តច្បាប់ត្រូវបានបន្ធូរបន្ថយមួយរយៈ។

" "

ក្នុងរយៈពេលនោះករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង៣៤លើក ស្មើ៣% អ្នកស្លាប់កើន៦២នាក់ ស្មើ១០% និងអ្នករបួសកើន២០៩នាក់ ស្មើ១៥% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ជាពិសេសរយៈពេល ១ខែមករា ដើមឆ្នាំ២០២៦ ធៀបនឹងខែមករា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍កើន៤២លើក ស្មើ១៩% អ្នកស្លាប់កើន២៥នាក់ ស្មើ១៨% និងអ្នករបួសកើន៦៤នាក់ ស្មើ២៣%។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន ការបើកបរល្មើសល្បឿន៤៧% មិនគោរពសិទ្ធិ២១% មិនប្រកាន់ស្តាំ១០% ប្រជែងគ្រោះថ្នាក់៧% បត់គ្រោះថ្នាក់៦% ស្រវឹង៣% សញ្ញាចរាចរណ៍២% កត្តាយាន១% ងងុយ១% និងកត្តាផ្លូវ១% ។

" "

ដើម្បីបន្តរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាល ទី៧នៃរដ្ឋសភា និងផែនការទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក២០២០-២០៣០ ឱ្យសម្រេចបាន ជោគជ័យ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមធ្វើឱ្យដងផ្លូវ អ្នកបើកបរ និងអ្នកធ្វើដំណើរតាមផ្លូវគោកកាន់តែមានសុវត្ថិភាពនិងសណ្តាប់ល្អនៅគ្រប់ទីកន្លែង ជំរុញឱ្យសាធារណជន មានការយល់ដឹងអំពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ឱ្យកាន់តែល្អប្រសើរឡើង និងការជួយកាត់បន្ថយចំនួន គ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ ចំនួនអ្នករបួស ការខូចខាតទ្រព្យសម្បត្តិសាធារណៈនិងឯកជនឱ្យបាន ជាអតិបរមា ។

ក្នុងន័យខាងលើនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីខែកុម្ភៈឆ្នាំ២០២៦នេះតទៅ។

អគ្គស្នងការដ្ឋាននគរបាលជាតិ មានសង្ឃឹមនិងជឿជាក់ថាគ្រប់ក្រសួង ស្ថាប័នទាំងក្នុងវិស័យ សាធារណៈ ឯកជន សង្គមស៊ីវិល និងសាធារណជនគ្រប់រូបដែលជាអ្នកប្រើប្រាស់ផ្លូវ នឹងចូលរួមចំណែកយ៉ាង សកម្មដោយស្មារតីស្វ័យម្ចាស់ការ ការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់ ដើម្បីកាត់បន្ថយនូវព្យសនកម្ម ផ្សេងៗដោយសារគ្រោះថ្នាក់ ស្របតាមផែនការដែលបានគ្រោងទុក និងនាំមកនូវសុវត្ថិភាពកាន់តែល្អប្រសើរ ក្នុងការធ្វើដំណើរគ្រប់កាលៈទេសៈ និងស្របតាមពាក្យស្លោក ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍៕

To Top