ព័ត៌មានជាតិ

កម្ពុជា តវ៉ាជំទាស់នឹងទស្សនកិច្ច ត្រួតពិនិត្យទីតាំង ដោយគ្មានការអនុញ្ញាត ដឹកនាំដោយប្រធាន ចារកម្មកងទ័ពថៃ ក្នុងទឹកដីកម្ពុជា

" "

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការតវ៉ា យ៉ាងខ្លាំងជាផ្លូវការ ប្រឆាំង នឹងទស្សនកិច្ចត្រួតពិនិត្យ ទីតាំងដោយគ្មានការអនុញ្ញាត របស់អនុព័ន្ធយោធា បរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅសណ្ឋាគារពីរ កន្លែង ស្ថិតនៅក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣ កុម្ភៈ ថា ទស្សនកិច្ចពិនិត្យទីតាំងនេះ ត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ។ សណ្ឋាគារ និងទីតាំង ដែលត្រូវបាន ធ្វើទស្សនកិច្ចត្រួតពិនិត្យនោះ ស្ថិតនៅចម្ងាយ៣៩៧ម៉ែត្រ ពីច្រកអន្តរជាតិអូរស្មាច់ ដែលស្ថិតនៅក្បែរ បង្គោលព្រំដែនលេខ១៥ ។ តំបន់នេះត្រូវបានគ្រប់គ្រង ដោយប្រើកម្លាំង និងកាន់កាប់ដោយកងកម្លាំង ប្រដាប់អាវុធថៃ ក្នុងអំឡុងពេល នៃការវាយលុក របស់ពួកគេមកលើកម្ពុជា ចន្លោះពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ ២០២៥។

" "

កម្ពុជាបដិសេធ និងជំទាស់យ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការ ដែលធ្វើឡើងដោយកងកម្លាំង យោធាថៃ រួមទាំងការអនុវត្តអធិបតេយ្យរបស់ថៃដោយខុសច្បាប់ តាមរយៈការរៀបចំទស្សនកិច្ចដូចដែល បានរៀបរាប់ខាងលើ ដែលជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងជា ការប៉ុនប៉ងធ្វើឱ្យស្របច្បាប់នូវការកាន់កាប់របស់ខ្លួនលើទឹកដីអធិបតេយ្យរបស់កម្ពុជា។

" "

ទន្ទឹមនឹងការបដិសេធ យ៉ាងដាច់ខាត ចំពោះសកម្មភាពរបស់ប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និង ឥតងាករេរបស់ខ្លួន ក្នុងការស្វែងរកដំណោះស្រាយចំពោះ ជម្លោះព្រំដែនទាំងអស់ ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន តាមរយៈ មធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជា នៅតែប្តេជ្ញាចិត្ត ក្នុងការរក្សាជំហរជាគោល ការណ៍របស់ខ្លួនថា «ព្រំដែនមិនត្រូវផ្លាស់ប្ដូរ ដោយកម្លាំងឡើយ»៕

To Top