ព័ត៌មានជាតិ

ក្រសួងការងារ និងមន្ទីរពហុព្យាបាល សុខ រក្សា រួមគ្នាលើកកម្ពស់សុខុមាលភាព មន្ត្រីរាជការ តាមរយៈសិក្ខាសាលា ស្ដីពីការយល់ដឹងពីការ បង្ការជំងឺមហារីក

" "

ភ្នំពេញ៖ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយមន្ទីរ ពហុព្យាបាល សុខ រក្សា រៀបចំសិក្ខាសាលា ផ្សព្វផ្សាយស្តីពី “ការកែប្រែរបៀបរស់នៅ ដើម្បីកាត់បន្ថយហានិភ័យ ជំងឺមហារីក” ក្នុងការលើកកម្ពស់ការយល់ដឹងផ្នែកសុខភាពជូនដល់បុគ្គលិក មន្ត្រីរាជការ សរុបប្រមាណជាង ៣០០នាក់ នៅទីស្តីការក្រសួង។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ធូ សារ៉ាម៉េត ដែលជាអ្នកជំនាញឯកទេសវេជ្ជសាស្ត្រនុយក្លេអ៊ែរ ជំងឺពកក និងជំងឺមហារីក និងជានាយកប្រតិបត្តិផ្នែកវេជ្ជសាស្រ្ត នៃមន្ទីរពហុព្យាបាល សុខ រក្សា បានបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនង រវាងទម្លាប់រស់នៅប្រចាំថ្ងៃ ដូចជា ការហូបចុក ការរស់នៅ និងហ្សែន ដែលជាកត្តាចម្បងៗដែលជំរុញ ឱ្យកើតមានជំងឺមហារីក ។ លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់លើការរស់នៅបែបសុខភាព ដើម្បីបង្ការជំងឺរ៉ាំរ៉ៃផ្សេងៗ ជាពិសេសគឺសារសំខាន់ នៃការពិនិត្យសុខភាពតាមដានឱ្យបានទាន់ពេលវេលា ឬការស្វែងរកមហារីកតាំងពី ដំណាក់កាលដំបូងតាមរយៈបច្ចេកវិទ្យាទំនើប ជាជាងការរង់ចាំរហូត ដល់មានរោគសញ្ញាឈឺទើបទៅព្យាបាល។

" "

សិក្ខាសាលានេះផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ តាមរយៈអនុស្សរណៈយោគយល់គ្នា (MoU) រវាងក្រសួង និងមន្ទីរពហុព្យាបាល ដែលមានគោលបំណង លើកកម្ពស់សុខុមាលភាពសាធារណៈ និងអប់រំលើកកម្ពស់ការ យល់ដឹងអំពីសុខភាពទូទៅ ដើម្បីបង្កើនភាពងាយស្រួលដល់បុគ្គលិក មន្ត្រីរាជការ និងសមាជិកគ្រួសារ ក្នុងការទទួលបានសេវាថែទាំសុខភាពបន្ថែម ព្រមទាំងជួយសម្រាលបន្ទុកចំណាយលើការពិនិត្យកញ្ចប់សុខភាពទូទៅ បន្ទប់សម្រាកព្យាបាល ការថតរូបភាពវេជ្ជសាស្រ្ត ការធ្វើតេស្តមន្ទីរពិសោធន៍ និងការចាក់វ៉ាក់សាំងផ្សេងៗ ដែលកិច្ចសហការនេះបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួង ចំពោះសុខុមាលភាពរបស់បុគ្គលិក មន្ត្រីរាជការ និងក្រុមគ្រួសារ និងជាពិសេសធានាឱ្យមន្ត្រីរាជការដែលជាអ្នកបម្រើសេវាសាធារណៈ មានសុខភាពមាំមួន ដើម្បីបន្តបំពេញភារកិច្ចផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

" "

សូមបញ្ជាក់ថា មន្ទីរពហុព្យាបាល សុខ រក្សា គឺជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ដែលបង្កើតឡើងដោយកូនខ្មែរ មានទីតាំងស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ មានផ្តល់សេវាថែទាំសុខភាពកម្រិតស្តង់ដាអន្តរជាតិ ជាពិសេសមានឯកទេសខ្ពស់ក្នុងការពិនិត្យ និង ព្យាបាលជំងឺក្រពះ ពោះវៀន និងមហារីក ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងមានបទពិសោធច្បាស់លាស់ ផ្តល់នូវការ ព្យាបាលប្រកបដោយគុណភាព និងទំនុកចិត្តខ្ពស់បំផុត ជូនដល់អ្នកជំងឺគ្រប់រូប៕

To Top