ទូតកម្ពុជាសង្ឃឹមថា ដំណើរទស្សនកិច្ច របស់អគ្គនាយិកា សហគ្រាសផលិត នំស្រួយលីលី នៅកូរ៉េនឹងទទួលជោគជ័យ
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ច របស់អគ្គនាយិកា សហគ្រាសផលិតនំស្រួយលីលី នៅលើទឹកដីកូរ៉េខាងត្បូង នឹងទទួលបានជោគជ័យ ព្រមទាំងអាចនាំយកបទពិសោធន៍ល្អៗ ចែករំលែកទៅកាន់ផលិតករ ដទៃទៀតនៅកម្ពុជា។

ការលើកឡើងរបស់លោក ឃួន ផុនរតនៈ ក្នុងឱកាសអនុញ្ញាតឲ្យឧកញ៉ា កែវ មុំ អគ្គនាយិកា សហគ្រាសផលិតនំស្រួយលីលី ចូលជួបសម្តែងការគួរសម នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូ ក្នុងឱកាសឧកញ៉ាបំពេញទស្សនកិច្ចនៅកូរ៉េ ។
ឧកញ៉ា កែវ មុំ បានមានប្រសាសន៍ថា គោលបំណង នៃការធ្វើទស្សនកិច្ចមកកូរ៉េលើកនេះ គឺពិនិត្យរោងចក្រវេចខ្ចប់ផ្លាស្ទិចរបស់កូរ៉េ ដែលខាងស្ថានទូត បានជួយភ្ជាប់ទំនាក់ទំនង កាលពីចុងឆ្នាំ ២០២៥ កន្លងទៅ ។ ឧកញ៉ា កែវ មុំ បានសម្តែងចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគុណភាព និងសមត្ថភាពផលិត របស់ក្រុមហ៊ុនវេចខ្ចប់របស់កូរ៉េនេះ ហើយចង់សហការជាមួយក្រុមហ៊ុន ដើម្បីបង្កើន សោភ័ណភាព និងស្តង់ដារនៃការវេចខ្ចប់ផលិតផល របស់ក្រុមហ៊ុននំស្រួយលីលី ។ បន្ថែមពីនេះ ខាងក្រុមហ៊ុន ក៏ចង់ស្វែងរកឱកាសទីផ្សារថ្មី ដើម្បីនាំចេញផលិតផលជាច្រើន ប្រភេទរបស់ក្រុមហ៊ុននំស្រួយលីលី មកពីផ្សារកូរ៉េផងដែរ ។

ក្នុងឱកាសនៃជំនួបនេះ ភាគីទាំងពីរ ក៏បានធ្វើការផ្លាស់ប្តូរយោបល់ទៅលើកាលានុវត្តភាព និងបញ្ហាប្រឈមនៃការផលិត និងការនាំចេញផលិតផលកម្ពុជា ចូលទីផ្សារបរទេស ពិសេសទីផ្សារកូរ៉េ ៕
