លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល មិននៅស្ងៀម ចំពោះសកម្មភាព បំពានរបស់ថៃ លើដែនដីកម្ពុជាថ្មីៗនេះ
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងអះអាងថា ចំពោះសកម្មភាពបំពានថ្មីៗ របស់ភាគីថៃ មកលើដែនអធិបតេយ្យ ភាពកម្ពុជា គឺប្រមុខរាជរដ្ឋាភិបាល មិនព្រងើយកន្តើយឡើយដោយកំពុងជំរុញឱ្យមានដំណោះស្រាយ ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែកុម្ភៈ លោកប៉ែន បូណា បានលើកឡើងពីក្រសួង ការបរទេសកម្ពុជា ដែលបានតវ៉ាយ៉ាងខ្លាំង និងជាផ្លូវការប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាត របស់អនុព័ន្ធយោធាបរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅសណ្ឋាគារពីរកន្លែងស្ថិតនៅស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ទស្សនកិច្ចនេះត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ។
ជាមួយគ្នានេះ អ្នកនាំពាក្យក៏បានលើកឡើង ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបានចេញសេចក្តីប្រកាសព័ត៌មាន តវ៉ាយ៉ាងដាច់អហង្ការទៅកាន់ក្រសួងវប្បធម៌ថៃ ពាក់ព័ន្ធនឹងសកម្មភាពនានា ដែលអាជ្ញាធរថៃ បានអនុវត្តនៅតាមតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី ។
ចំពោះសកម្មភាពបន្តបំពានមកលើកម្ពុជា ពីសំណាក់ភាគីថៃបែបនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជា មិននៅស្ងៀមឡើយ ចំពោះមុខសកម្មភាពរំលោភបំពាន មកលើដែនអធិបតេយ្យភាព របស់កម្ពុជា និងកំពុងជំរុញឱ្យមានដំណោះស្រាយ បញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធីតាមស្មារតី នៃសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលភាគីទាំងពីរឯកភាពគ្នា ប្រគល់តួនាទី ឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាន នូវសន្តិភាពយូរអង្វែង តាមបណ្តោយព្រំដែន” ។

សូមបញ្ជាក់ថា កម្ពុជាមិនអាចទទួលយកបានឡើយ នូវការប្រើប្រាស់កម្លាំងណាមួយប្រឆាំង ទៅនឹងតំបន់វប្បធម៌ និងបុរាណវិទ្យា សកម្មភាពស្តារឡើងវិញ អភិរក្ស ចុះបញ្ជី ឬការសាងសង់ណាមួយ ដែលអនុវត្តដោយឯកតោភាគី ដោយគ្មានការយល់ព្រមពីភាគីកម្ពុជា ឬសកម្មភាពណាមួយដែលប៉ះពាល់ ឬបំផ្លាញស្ថានភាពផ្លូវច្បាប់ ប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់របស់កម្ពុជា ៕
