ព័ត៌មានជាតិ

សម្តេចតេជោ ៖ យុវជនបក្សប្រជាជនកម្ពុជា នៅអាមេរិក បានចូលរួមចំណែក ជួយជនភៀសសឹក

" "

ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមយុវជនរបស់គណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋនានា នៅសហរដ្ឋអាមេរិកដែលបានចូលរួមចំណែក ជួយឧបត្ថម្ភជាថវិកា និងសម្ភារៈដល់ជនភៀសសឹកកម្ពុជា ។

លោកជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានថ្លែងក្រោយបញ្ចប់ពិធីសំណេះសំណាលរវាងសម្តេចតេជោ និងប្រជាពលរដ្ឋខ្មែរ ដែលជាយុវជនគណបក្សប្រជាជនកម្ពុជា នៅក្នុងរដ្ឋនានា នៅតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ថា ក្នុងពិធីសំណេះសំណាលនេះ សម្តេចតេជោបានថ្លែងអំណរគុណ ចំពោះក្រុមយុវជន និងក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក ដែលបានមកទស្សនកិច្ចនៅកម្ពុជា ហើយបានអំណោយមកចូលរួមចំណែកជួយជនភៀសសឹក កំពុងស្នាក់នៅតាមជំរំនានា ដែលមិនទាន់បានត្រឡប់ទៅកាន់លំនៅឋានវិញ ។

" "

លោកបន្តថា “ការចូលរួមចំណែកនេះ បានបង្ហាញពីការឈឺឆ្អាលរបស់ពួកគាត់ចំពោះបងប្អូនភៀសសឹក បើទោះបីជាពួកគាត់នៅឯនាយសមុទ្រក៏ពិតមែន ប៉ុន្តែពួកគាត់នៅជាប់ជាមួយនឹងសុខទុក្ខ ប្រជាជនរបស់ខ្លួន ។ សម្តេចតេជោ បានអរគុណណាស់ ចំពោះការឈឺឆ្អាល និងយកចិត្តទុកដាក់ ចំពោះជាតិសាសន៍របស់ខ្លួន និងទឹកដីរបស់ខ្លួន” ។

" "

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានផ្តាំផ្ញើឱ្យពលរដ្ឋនិងយុវជនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ និងជួយសម្រួលដល់ប្រជាពលរដ្ឋផ្សេងទៀត តាមរយៈសកម្មភាពមនុស្សធម៌ និងការងារសង្គមផ្សេងៗ។

បើតាមអ្នកនាំពាក្យ ក្នុងពិធីជំនួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយសាមគ្គីភាព ដែលគឺជាការបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ចំពោះសុខទុក្ខរបស់ខ្មែរដែលរស់នៅក្រៅប្រទេស ជាពិសេសសកម្មជនគណបក្ស ដែលតែងតែលះបង់កម្លាំងកាយចិត្ត ក្នុងការគាំទ្រ និងការងារអង្គការចាត់ តាំងនៅបណ្តារដ្ឋនានា នៃតំបន់ឆ្នេរខាងលិចសហរដ្ឋអាមេរិក ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៤ ខែកុម្ភៈ នេះ មានប្រជាពលរដ្ឋភៀសសឹកចំនួន៦.២២១នាក់ទៀត បានវិលត្រឡប់ទៅកាន់លំនៅឋានវិញ ។ ក្នុងចំណោមពលរដ្ឋភៀសសឹកជាង៦៤ម៉ឺននាក់ មានប្រមាណ៨៥ភាគរយហើយ បានវិលទៅលំនៅឋានវិញ ៕

To Top