ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹកជាង ៩ម៉ឺននាក់ទៀត បន្តស្នាក់អាស្រ័យតាមជំរំនានា
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹកចំនួន ៩៧.៨៧៨នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំនានា ក្នុងនោះ ស្ត្រីមានចំនួន ៥១.២៤៨នាក់ និងកុមារចំនួន ៣១.២៩៧នាក់។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី៣ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ចាប់តាំង ពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះ អាវុធដាក់គ្នានោះឡើយ។
ក្រសួងមហាផ្ទៃ បន្ដថា យ៉ាងណាក៏ដោយក្នុងរយៈពេលនេះ កម្ពុជាបានតាមដាន និងកត់ត្រាទុកជាបន្តបន្ទាប់ នូវ សកម្មភាពមិនស្មោះត្រង់មួយចំនួនរបស់ភាគីថៃ។ ចំណែកផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា ដែល បង្កឡើងដោយអំពើឈ្លានពាននោះ ក៏នៅតែជាបន្ទុកត្រូវដោះស្រាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។
ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា «មានពលរដ្ឋភៀសសឹក ៦.២២១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៥ម៉ឺននាក់ ឬជិត៨៥% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ។ មានពលរដ្ឋភៀសសឹកចំនួន៩៧.៨៧៨នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាម ជំរំនានា ក្នុងនោះស្ត្រីមានចំនួន៥១.២៤៨នាក់ និងកុមារចំនួន៣១.២៩៧នាក់»៕
