រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាជាង ៦៦ម៉ឺនដុល្លារ សម្រាប់ការបោសសម្អាត គ្រាប់បែកចង្កោម នៅកម្ពុជា
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានសម្រេច បានផ្តល់ថវិកា ចំនួន ៦៦៥,១៨៦ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន សម្រាប់ការបោសសម្អាតគ្រាប់បែកចង្កោម នៅប្រទេសកម្ពុជា។

កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយលោក អ៊ូអ៉ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័ន ទទួលជំនួយ សម្រាប់អនុវត្តគម្រោង ដូចជា ៖ ថវិកាចំនួន ៦៦៥,១៨៦ដុល្លារអាមេរិក សម្រាប់គម្រោងគាំទ្រ ការស្ថាបនាឡើងវិញជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង PRCS (ថវិកាចំនួន ៦៦៥,១៨៦ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ ៖ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)។

នៅក្នុងគម្រោងនេះ អង្គការ JMAS នឹងបោសសម្អាតតំបន់ ដែលមានគ្រាប់បែកចង្កោមចំនួន ១៧០ហិកតា និងបង្រៀនមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) អំពីវិធីសាស្ត្រដែលមានសក្តិសិទ្ធភាព និងសុវត្ថិភាពក្នុងការបោសសម្អាតគ្រាប់បែកចង្កោម។ មិនតែប៉ុណ្ណោះគម្រោងនេះ នឹងផ្តល់ការអប់រំអំពីការបញ្ចៀស ពីហានិភ័យនៃគ្រាប់មីន ដល់ប្រជាជនមូលដ្ឋាន និងបណ្ដុះបណ្ដាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្ម ។
សូមបញ្ជាក់ថា ជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាព របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជា ឡើងវិញនៅកម្រិតមូលដ្ឋាន។

ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់គម្រោងចំនួន ១៧០ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំ នៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា ៕
