ព័ត៌មានជាតិ

បណ្ឌិត ឆាយ សុផល ត្រូវបានតែងតាំងជា ទូតកិត្តិយសរបស់វិទ្យាស្ថាន Kookhakwon កូរ៉េ

សេអ៊ូល៖ លោកបណ្ទិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅសប្តាហ៍នេះ ត្រូវបានវិទ្យាស្ថាន Kookhakwon ឬ វិទ្យាស្ថានសិក្សាវប្បធម៌កូរ៉េពីបូរាណ (Institute for Traditional Korean Culture Studies) តែងតាំងជាឯកអគ្គរដ្ឋទូតកិត្តិយសម្រាប់វិទ្យាស្ថាននេះ។

លោក Lee Gi-woo នាយកផ្នែកសិក្សាជាន់ខ្ពស់ថ្នាក់ជាតិ (National Academy) របស់វិទ្យាស្ថាន Kookhakwon បាននិយាយថា ការតែងតាំង លោកបណ្ឌិត ឆាយ សុផល នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ជាឯកអគ្គរដ្ឋទូតកិត្តិយ
សម្រាប់វិទ្យាស្ថាន ព្រោះលោកបណ្ឌិត មានសមត្ថភាពគ្រប់គ្រាន់ក្នុងកម្រិតសកល ជាពិសេសការសិក្សា ស្រាវជ្រាវ និងការចែករំលែកពុទ្ធិដល់អ្នកជំនាន់ក្រោយ។

Kookhakwon ជាវិទ្យាស្ថានរបស់សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) មានតួនាទីសិក្សាថ្នាក់ជាតិក្នុងសម័យថ្មី ដើម្បីថែរក្សាស្មារតីឫសគល់នៅក្នុងប្រវត្តិសាស្ត្រ និងវប្បធម៌កូរ៉េ ព្រមទាំងពិភពលោករាប់ពាន់ឆ្នាំមកហើយ និងលើកស្ទួយស្មារតីសន្តិភាពឱ្យរឹងមាំ ការរួបរួម និងសុខដុមរមនីយកម្មសង្គម អារម្មណ៍ល្អនិងរស់នៅសុខសាន្តក្នុងសហគមន៍ តំបន់ និងសកល។

ជាការឆ្លើយបតនៅក្នុងពិធីប្រកាសតែងតាំងនៅឯវិទ្យាស្ថាន Kookhakwon នោះ លោកបណ្ទិត ឆាយ សុផល បានលើកឡើងថា លោកពិតជាមានមោទនភាពក្នុងនាមជាជនជាតិកម្ពុជា ដែលវិទ្យាស្ថាន Kookhakwon បានផ្តល់ការទុកចិត្ត ជឿជាក់ និងចាប់អារម្មណ៍ ហើយថា កម្ពុជាក៏បានប្រកាន់យកវប្បធម៌សន្តិភាព និងការសន្ទនាដែរ។

លោកបណ្ឌិតបន្តថា កម្ពុជាបាននិងកំពុងលើកកម្ពស់របៀបវារៈការទូតសភារបស់ខ្លួន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី ដើម្បីកសាង និងរក្សាសន្តិភាព ព្រមទាំងអភិវឌ្ឍប្រកបដោយចីរភាពទាំងនៅក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សូមបញ្ជាក់ដែរថា លោកបណ្ទិត ឆាយ សុផល ក៏ជាប្រធានសមាគមអ្នកសារព័ត៌មានអាស៊ី (Asian Journalist Association) មានមូលដ្ឋាននៅរដ្ឋធានីសេអ៊ូលផងដែរ ដែលមានសមាជិកជាអ្នកសារព័ត៌មានមកពីជិត៣០ប្រទេស នៅក្នុងទ្វីបអាស៊ី និងមជ្ឈឹមបូព៌ា។

សមាគមអ្នកសារព័ត៌មានអាស៊ីមានគេហទំព័ររបស់ខ្លួនទាំងភាសាអង់គ្លេស ភាសាកូរ៉េ និងភាសាអារ៉ាប់ ដោយសមាជិកទាំងអស់អាចផ្តល់ និងផ្សាយបន្តនូវដំណឹងរបស់សមាជិកនីមួយៗ ហើយកន្លងមក លោកបណ្ទិត ឆាយ សុផល បានសរសេរដំណឹងខ្លីៗជាច្រើនសម្រាប់គេហទំព័រនេះ ស្តីពីការលើកស្ទួយវប្បធម៌ ប្រពៃណី ទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ជាពិសេសអំពីការឈ្លានពានរបស់យោធាថៃមកលើដែនដីកម្ពុជា ព្រមទាំងការរំលោភបំពានបទឈប់បាញ់យ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃឈ្លានពាន ចាប់ពីថ្ងៃទី២៧ ខែធ្នូ រហូតមកដល់បច្ចុប្បន្ន៕

To Top