ព័ត៌មានជាតិ

ក្រសួងការងារ និង ADB បន្តពិភាក្សា លើកិច្ចសហប្រតិបត្តិការ លើកកម្ពស់វិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍ ជំនាញនៅកម្ពុជា

ភ្នំពេញ ៖ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកាធនាគារអភិវឌ្ឍន៍ អាស៊ីប្រចាំកម្ពុជា (ADB) ដើម្បីបន្តជំរុញកិច្ច សហប្រតិបត្តិការ លើការអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព។

នាឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលសម្រេចបានកន្លងមក តាមរយៈកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែងជាមួយធនាគារ អភិវឌ្ឍន៍អាស៊ី ព្រមទាំងបានផ្ដល់ នូវអនុសាសន៍គន្លឹះ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែរលូន ជាពិសេសនៅ ក្នុងការចូលរួមពីវិស័យឯកជន សម្រាប់ការអភិវឌ្ឍជំនាញ យន្តការធ្វើតេស្ត វាយតម្លៃ ទទួលស្គាល់ជំនាញពីមុន (RPL) និងការរៀបចំ គោលនយោបាយ អភិវឌ្ឍន៍ជំនាញជាដើម។

ជាការឆ្លើយតប លោកស្រី ស៊ីឌីគី បានសម្ដែងនូវការកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព ខ្ពស់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជារួម និងដោយឡែក ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍ ជំនាញជាតិ ដែលចូលរួមពង្រឹង ផលិតភាព ភាពធន់កម្លាំងពលកម្ម និងបង្កើនសមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា ។ ទន្ទឹមនោះ លោកស្រី ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបន្តគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការអនុវត្តកម្មវិធីយុទ្ធសាស្ត្រ សម្រាប់វិស័យ ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍជាតិ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

To Top