នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើលិខិតជូន ប្រធានាធិបតីបារាំង ដើម្បីឆ្លើយតបទៅ នឹងការបង្ហាញឆន្ទៈរបស់បារាំង ក្នុងការត្រៀមខ្លួន ផ្តល់ឯកសារពាក់ព័ន្ធព្រំដែន អន្តរជាតិរវាង កម្ពុជា-ថៃ
ភ្នំពេញ ៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានជ្រាបថា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដើម្បីឆ្លើយតបទៅ នឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការ ត្រៀមខ្លួនផ្តល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធ នឹងព្រំដែនអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងករណីមានសំណើ ពីប្រទេសកម្ពុជា ។
នៅក្នុងលិខិតនេះ សម្តេចធិបតី បានសម្តែងនូវអំណរគុណយ៉ាងស្មោះ របស់កម្ពុជាចំពោះប្រទេស បារាំង ដែលបានប្រកាន់ជំហរ ជាគោលការណ៍គាំទ្រចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ ក៏ដូចជា ចំពោះការចូលរួមប្រកប ដោយស្ថាបនារបស់ប្រទេសបារាំងក្នុងកិច្ចប្រឹងប្រែងសម្រួលដល់ការដោះស្រាយ ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះការរួមចំណែក របស់បារាំងដល់សន្តិភាព ការអភិវឌ្ឍ និងការកសាងជាតិឡើងវិញ របស់កម្ពុជា រយៈពេលរាប់ទសវត្សមក ហើយ ។ ការរួមចំណែកនេះបានដើរ តួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹង សមត្ថភាពជាតិកម្ពុជា ហើយព្រម ទាំងបានធ្វើឱ្យភាពជាដៃគូ ពហុវិស័យ រវាងប្រទេសទាំងពីរ កាន់តែមានភាពស៊ីជម្រៅថែមទៀត ។
សម្តេចធិបតី បានសង្កត់ធ្ងន់ដែរថា កម្ពុជាផ្តល់សារៈសំខាន់ ចំពោះតួនាទីរបស់បារាំង មិនត្រឹមតែ ក្នុងនាមជាសមាជិក អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជាអ្នកដឹកនាំគាំទ្រដ៏ឈានមុខមួយ ចំពោះអភិបាលកិច្ចសកល ច្បាប់អន្តរជាតិ និង ពហុភាគីនិយម និងក្នុងនាមជាដៃគូយូរអង្វែង ដែលមានការផ្សារភ្ជាប់ ទំនាក់ទំនងតាមរយៈការគោរពគ្នាទៅវិញទៅមក ប្រវត្តិសាស្ត្ររួម និងតម្លៃរួម៕


