ព័ត៌មានជាតិ

លោកកែវ រ៉េមី ៖ ការឈ្លានពានទឹកដីដោយកម្លាំងយោធាថៃ ដើម្បីកាន់កាប់ មិនអាចទទួលបានដោយភាពស្របច្បាប់

ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បានលើកឡើងថា ការឈ្លានពានទឹកដីកម្ពុជាដោយកម្លាំងយោធាថៃ ដើម្បីកាន់កាប់ គឺមិនអាចទទួលបានដោយភាពស្របច្បាប់នោះទេ ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានឱ្យដឹងថា វិធានការនានារបស់រាជរដ្ឋាភិបាលខុសពីចំណាត់ការរបស់ក្រុមហ៊ុន ខុសគ្នាពីគណបក្សនយោបាយដែលមិនដឹកនាំរដ្ឋ។

លោកបន្តថា រាល់លិខិតស្នាម ឬវិធានការណាមួយរបស់រដ្ឋត្រូវមានការគិតគូរដោយមានភាពល្អិតល្អន់បំផុតនូវផលប៉ះពាល់។ យ៉ាងណាមិញ, រាល់លិខិតបណ្តឹងតវ៉ា ឬវិធានការតាមផ្លូវច្បាប់ដែលទាក់ទងទៅរដ្ឋណាមួយ ឬប្រទេសណាមួយ គឺកាន់តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ហើយត្រូវតែរឹងមាំនិងដោយថ្លឹងថ្លែងនូវផលប្រយោជន៍ដែលទទួលបានយូរអង្វែង។

លោកគូសបញ្ជាក់ថា “ការឈ្លានពានទឹកដីដោយប្រើកម្លាំងយោធាថៃដើម្បីកាន់កាប់ គឺមិនអាចទទួលបានដោយភាពស្របច្បាប់នោះទេ។ ប្រទេសយើង ឬរាជរដ្ឋាភិបាលរបស់យើងដឹងច្បាស់ថា នឹងដោះស្រាយតាមវិធីណាពោលត្រូវតែរក្សា និងឱ្យតម្លៃទៅលើអាយុជីវិតរបស់មនុស្សដែលរស់នៅតាមព្រំដែននៃប្ររទេសទាំងពីររួមទាំងប្រជាជនខ្មែរ និងប្រជាជនថៃ ។ សូមបងប្អូនមេត្តាបន្តអត់ធ្មត់ និងជឿលើវិធានការដោះស្រាយរបស់រាជរដ្ឋាភិបាលយើង”៕

To Top