ព័ត៌មានជាតិ

ឧបការីរង FBI ៖ តាមលទ្ធផលរបស់គ.ប.ឆ.ប. កម្ពុជាមិនមែនជាកន្លែងលាក់ខ្លួន របស់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ ឧបការីរង នៃអង្គភាពប្រតិបត្តិការអន្តរជាតិរបស់ FBI លោក Scott Schelble បានបញ្ជាក់ថា ចំណាត់ការនិងលទ្ធផលរបស់គណៈកម្មការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បង្ហាញថា កម្ពុជាមិនមែនជាកន្លែងលាក់ខ្លួនរបស់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ ។

នេះជាការលើកឡើងរបស់ឧបការីរង នៃអង្គភាពប្រតិបត្តិការអន្តរជាតិរបស់ FBI ក្នុងជំនួបសម្តែងការគួរជាមួយលោកបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ក្នុងជំនួបលោកបណ្ឌិត ឆៃ ស៊ីណារិទ្ធ គូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមយន្តការរបស់គ.ប.ឆ.ប. ដែលមានសម្តេចធិបតី នាយករដ្ឋមន្រ្តី ជាប្រធាន បានបង្ហាញលទ្ធផលជាផ្លែផ្កា ទោះបីកម្ពុជាប្រឈមនឹងសង្រ្គាមនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក៏ដោយ។ លោកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជំហរក្នុងការប្រយុទ្ធប្រឆាំង និងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយដាក់ចេញនូវវិធានការជំនាញ និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ លោកបន្តថា តាមរយៈយន្តការ គ.ប.ឆ.ប. សមត្ថកិច្ចកម្ពុជានឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ជាលក្ខណៈទ្វេភាគី ឬពហុភាគី ដើម្បីស្រាវជ្រាវឱ្យដល់ឫសគល់នៃបណ្តាញ និងហិរញ្ញវត្ថុ របស់បណ្តាញឧក្រិដ្ឋជន។

ជាកិច្ចឆ្លើយតប លោកឧបការីរង Scott Schelble បានថ្លែងកោតសរសើរ និងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំង បទល្មើសអនឡាញចេញជាលទ្ធផលជាក់ស្តែងជាច្រើន ក្រោមយន្តការ គ.ប.ឆ.ប.។

លោកឧបការីរងបានទទួលស្គាល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាសកលនិងស្មុគស្មាញ ដោយប្រទេសជាច្រើនជួបប្រទះបញ្ហានេះ ពោលមិនមែនកម្ពុជាតែមួយទេ។ លោកឧបការីរងបានសង្កត់ធ្ងន់ថា ចំណាត់ការនិងលទ្ធផលរបស់ គ.ប.ឆ.ប. បង្ហាញថា កម្ពុជាមិនមែនជាកន្លែងលាក់ខ្លួនរបស់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ។ លោកក៏បានគូសបញ្ជាក់បន្ថែមថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកនេះតម្រូវឱ្យមានដៃគូនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ឬពហុភាគី។ ក្នុងន័យនេះ លោកឧបការីរងបានបង្ហាញនូវឆន្ទៈច្បាស់លាស់ ក្នុងការបន្តនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាង FBI និង គ.ប.ឆ.ប. ៕

To Top