លោក ប៉ែន បូណា ៖ រាជរដ្ឋាភិបាល មិនយល់ព្រម ជាដាច់ខាត ចំពោះសកម្មភាព រំលោភបំពានកម្ពុជា
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើង ពីជំហរយ៉ាងរឹងមាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជាមិនយល់ព្រមជាដាច់ខាត ចំពោះសកម្មភាពរបស់ភាគីថៃ រំលោភបំពានលើដែន អធិបតេយ្យភាពរបស់កម្ពុជា ។
ការលើកឡើងរបស់លោកម ប៉ែន បូណានេះ បន្ទាប់ពីកងកម្លាំង ប្រដាប់អាវុធថៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានបន្តរុកកួនកម្ពុជា ឥតឈប់ឈរនៅតាមបន្ទាត់ព្រំដែន តាមរយៈការ ដាក់ទូកុងតឺន័រ៣គ្រឿង នៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ដែលរារាំងដល់ការ ចូលទៅកាន់ច្រកព្រំដែនអន្តរជាតិអានសេះ ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៥ ខែកុម្ភៈ លោកប៉ែន បូណា មានប្រសាសន៍ថា កម្ពុជាគូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេ ក្នុងការស្វែងរកដំណោះស្រាយ ប្រកបដោយមិត្តភាពចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេស ជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិភាព ស្រប តាមច្បាប់អន្តរជាតិ ។ ទន្ទឹមនឹងនេះ កម្ពុជាប្រកាន់ខ្ជាប់គោល ជំហរជាគោលការណ៍ថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរ ដោយកម្លាំងឡើយ ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជាមិនយល់ព្រមជាដាច់ខាតចំពោះសកម្មភាពរំលោភបំពាន មកលើដែនអធិបតេយ្យភាព របស់កម្ពុជា និងមានឆន្ទៈយ៉ាងមោះមុតក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមស្មារតី នៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលភាគីទាំងពីរឯកភាពគ្នា ប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាន នូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន” ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្ថែមថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ដាច់ខាត ក្នុងការការពារខ្សែព្រំដែន អន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុក ដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរព គោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរ បានឯកភាពគ្នានាពេលកន្លងមក ៕
