ព័ត៌មានជាតិ

អាមេរិក ផ្តល់ហិរញ្ញប្បទានឥតសំណង ៥លានដុល្លារ សម្រាប់អង្គភាព CMAC និងអង្គការ NPA

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក Hans Peter Risser ប្រធានអង្គការ NPA ដោយមានការអញ្ជើញចូលរួមជាសាក្សីពីសំណាក់លោកស្រី Kelly Saltzman សហការីផ្នែកនយោបាយ នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការ NPA ក្រោមគម្រោង “ ការពារអាយុជីវិត និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា ” តាមរយៈការអនុវត្តគម្រោងកម្មវិធីការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោម ការបោសសម្អាតមីន និងការដោះស្រាយការគំរាមកំហែងដែលនៅសេសសល់ សម្រាប់រយៈពេល១៨ខែ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៧ ដែលមានថវិកាគាំទ្រគម្រោងសរុបចំនួន ៥.០០០.០០០ដុល្លារអាម៉េរិក ដែលក្នុងនោះអង្គភាព CMAC បានទទួលថវិកាចំនួន ៤.០០០.០០០ដុល្លារអាម៉េរិក តាមរយៈអង្គការ NPA និងអង្គការ NPA បានទទួលថវិកាចំនួន ១.០០០.០០០ដុលា្លរអាម៉េរិក។

លោក ហេង រតនា បានឱ្យដឹងថា គម្រោងនេះជួយគាំទ្រកម្លាំងជំនាញអង្គភាព CMAC ចំនួនប្រមាណជិត ៣០០នាក់ ក្នុងកងឯកភាពកំចាត់មីនចំនួន២ នៅទិសខេត្តត្បូងឃ្មុំ និងទិសខេត្តឧត្តរមានជ័យ ដែលទទួលបន្ទុកប្រតិបត្តិការដោយផ្ទាល់។

សូមជម្រាបថា គម្រោងនេះមានគោលបំណងលុបបំបាត់ ហានិភ័យបង្កដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះឱ្យមានប្រសិទ្ធភាព ស្តារជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍ដែលរងផលប៉ះពាល់ ជំរុញដល់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាព។​

សូមបញ្ជាក់ថា​ សង្គ្រាមសៀមឈ្លានពានក្នុងឆ្នាំ២០២៥កន្លងទៅនេះ​ បានបង្កឱ្យមានផលប៉ះពាល់ ដល់បូរណភាពទឹកដីកម្ពុជាដោយសារគ្រាប់បែកចង្កោម​ គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន​ គ្រាប់អាវុធសារធាតុគីមី​ និងគ្រាប់យុទ្ធភណ្ឌ​ទូទៅ​ គំរាមកំហែងសុខសុវត្ថិភាពលេីផ្ទៃដីចំនួនប្រមាណ៤៤១.៥៩៥ហិកតា​ ក្នុងភូមិសាស្ត្រនៃភូមិចំនួន៣៤០​ មានចំនួនជាង៩១.៤១១​គ្រួសារ​ ស្មេីនឹងមនុស្សរាយជិត៣៦៤​,​៦៩៤នាក់​ ក្នុង៧ខេត្ត​តាមបណ្តោយព្រំដែនកម្ពុជា-សៀម។ គម្រោងនេះត្រូវអនុវត្ត ដោយផ្តោតជាសំខាន់នៅខេត្តឧត្តរមានជ័យ​ ដែលមានផ្ទៃដីសង្ស័យរងផលប៉ះពាល់ចំនួន៤០.៤០០ហិកតា​ ស្ថិតក្នុងភូមិចំនួន១៤៥។ ទន្ទឹមនឹងជំនួយនេះ​ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានផ្តល់ការគាំទ្រលេីការងារសម្ភារបច្ចេកទេស​ និងពង្រឹងសមត្ថភាពធនធានមនុស្សផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោក ហេង រតនា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលបានគាំទ្រគម្រោងដ៏មានសារសំខាន់នេះ និងសូមសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ​ ប្រធានាធិបតី​ Donald J Trump​ រដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាម៉េរិក ជាពិសេសអង្គការ NPA ដែលបានបន្តគាំទ្រយ៉ាងសកម្មដល់សកម្មភាពមីន និងការអភិវឌ្ឍន៍នៅកម្ពុជា។

ក្នុងស្មារតីសប្បុរសធម៌ ការគាំទ្រដ៏ថ្លៃថ្លា និងការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈមោះមុតទាំងនេះ គឺជាកម្លាំងចលករយ៉ាងសំខាន់ ដើម្បីឱ្យអង្គភាព CMAC អាចបន្តបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ ដើម្បីសង្គ្រោះអាយុជីវិត និងរួមចំណែកក្នុងការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព។

To Top