អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត អំពាវនាវឱ្យមានការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវស្ថិរភាពក្នុងតំបន់
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud បានបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ ដើម្បីរក្សាស្ថិរភាពនៅអាស៊ីខាងលិច និងការពារផលប្រយោជន៍របស់រដ្ឋក្នុងតំបន់ទាំងអស់។
នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានពិភាក្សាអំពីការវិវឌ្ឍថ្មីៗបំផុតក្នុងតំបន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសអ៊ីរ៉ង់។
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីក្រុងរីយ៉ាដចំពោះស្ថិរភាព និងដំណោះស្រាយនយោបាយ និងការទូតសម្រាប់បញ្ហាប្រឈមក្នុងតំបន់។
ការហៅទូរស័ព្ទនេះបានកើតឡើង ខណៈដែលភាពតានតឹងនៅតែខ្ពស់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ខណៈដែលសហរដ្ឋអាមេរិកបានបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់អាស៊ីខាងលិច ដោយគំរាមកំហែងទីក្រុងតេអេរ៉ង់ ឱ្យធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ឬប្រឈមនឹងការវាយប្រហារ៕
ប្រែសម្រួល ឈូក បូរ៉ា
