រយៈពេល ៥ខែនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅមណ្ឌលគិរី
មណ្ឌលគិរី៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ប្រចាំខេត្តមណ្ឌលគិរី ឱ្យដឹងថា ក្នុងរយៈពេលប្រមាណ ៥ខែ ចាប់តាំងពីបើកដំណើរការការិយាល័យតំណាងនៅខេត្តនេះ អាជ្ញាធរបានទទួលបណ្តឹងជាង ៦០ករណី ដែលភាគច្រើនជាវិវាទពាក់ព័ន្ធនឹងប្រជាពលរដ្ឋជនជាតិដើមភាគតិច។
ប្រធានការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តមណ្ឌលគិរី លោក អៀម ប៊ុនលី ប្រាប់ថា ចាប់ពីពាក់កណ្តាលឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន ការិយាល័យបានទទួលបណ្តឹងសរុប ៦៤ករណី ក្នុងនោះមាន ៤៦ករណី ជាបណ្តឹងដែលប្រជាពលរដ្ឋដាក់ដោយផ្ទាល់ និង ១៨ករណី ជាសំណុំរឿងបញ្ជូនមកពីអគ្គលេខាធិការដ្ឋាន អ.ដ.ក.។

លោកបន្តថា ក្នុងចំណោមបណ្តឹងទាំងនេះ អាជ្ញាធរបានដោះស្រាយបញ្ចប់ដោយជោគជ័យ និងឈានដល់ការព្រមព្រៀងគ្នារវាងភាគីចំនួន ២២ករណី ខណៈសំណុំរឿងចំនួន ៤២ករណីផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលចាត់ការ និងដោះស្រាយតាមនីតិវិធី។

បន្ថែមពីលើការដោះស្រាយវិវាទ លោក អៀម ប៊ុនលី ឱ្យដឹងថា ការិយាល័យក៏បានផ្តោតសំខាន់លើការកសាងសមត្ថភាពមន្ត្រី និងការផ្សព្វផ្សាយការយល់ដឹងដល់សាធារណជន អំពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផងដែរ។

ការបង្កើតការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តមណ្ឌលគិរី ធ្វើឡើងក្រោមអនុស្សរណៈយោគយល់គ្នា រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តមណ្ឌលគិរី ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណងជួយសម្រួលដល់ការដោះស្រាយវិវាទឱ្យបានរហ័ស ប្រកបដោយតម្លាភាព និងកាត់បន្ថយការនាំរឿងឡើងតុលាការ។
បច្ចុប្បន្ន ការិយាល័យតំណាង អ.ដ.ក. ខេត្តមណ្ឌលគិរី កំពុងបន្តអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីដោះស្រាយសំណុំរឿងដែលនៅសេសសល់ និងពង្រីកការយល់ដឹងអំពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ៕
ដោយ៖ ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
