ជនបរទេសសរុប ៤៧៩នាក់ទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជា
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនបរទេសសរុប ៤៧៩នាក់ទៀត ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា បន្ទាប់លួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់នៅកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ៤៧៩នាក់ (ស្រី១០៤នាក់)។

ជនបរទេសទាំងនោះ មាន ៨សញ្ជាតិ រួមមាន៖ ហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ចិន កូរ៉េ បង់ក្លាដេស និងម៉ាឡេស៊ី ក្នុងនោះ មានជនជាតិចិន (២៤១នាក់) ជនជាតិហ្វីលីពីន (១៩០នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ដែលពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា៕


