ព័ត៌មានជាតិ

មេដឹកនាំកំពូល វៀតណាម និងឡាវ បានឈានជើង ដល់កម្ពុជា ដូចការគ្រោងទុក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក តូ ឡាំ (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងលោក ថងលុន ស៊ីសុលីត (SISOULITH Thongloun) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានឈានជើង ដល់ប្រទេសកម្ពុជា ដូចការគ្រោងទុក។

បើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណបក្ស ប្រជាជនកម្ពុជា បានឱ្យដឹងថា ប្រធានបក្សកាន់អំណាច នៃប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ នឹងបើកកិច្ចប្រជុំទាំងបី រៀបចំឡើងដើម្បីលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហានានា ក្នុងទំនាក់ទំនងរវាងគណបក្សទាំងបី ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព។

កិច្ចប្រជុំកំពូលទាំងបីនោះរួមមាន ៖ កិច្ចប្រជុំកំពូលទ្វេភាគី រវាងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានព្រឹទ្ធសភាកម្ពុជា និងការិយាល័យ នយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម ដឹកនាំដោយលោកតូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម ។

កិច្ចប្រជុំកំពូលទ្វេភាគី រវាងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្ស ប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយ លោក ថងលូន ស៊ីសូលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រជាជនបដិវត្តន៍ឡាវ និងកិច្ចប្រជុំកំពូលត្រីភាគី រវាងអ្នកដឹកនាំកំពូល គណបក្ស ប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយប្រធានគណបក្ស/អគ្គលេខាធិការបក្សទាំងបីរូប និងមានការចូលរួម ពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី ថ្នាក់ដឹកនាំនៃរដ្ឋសភានៃប្រទេសទាំងបី និងឥស្សរជន របស់គណបក្ស មួយចំនួនទៀត៕

To Top