ព័ត៌មានជាតិ

កម្ពុជា ពុំស្ថិតនៅក្នុងគន្លងផ្លូវដើរ របស់ព្យុះ ពែនញ៉ាទេ

ភ្នំពេញ ៖ ប្រទេសកម្ពុជា ពុំស្ថិតនៅក្នុងគន្លងផ្លូវ ដើរ របស់ព្យុះ ពែនញ៉ាទេ ប៉ុន្តែព្យុះ ពែនញ៉ា នេះ មានឥទ្ធិពលលើ របបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា។

យោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួងធនធានទឹក បានឱ្យដឹងថា បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាព អាកាសធាតុរួចមកឃើញថា សម្ពាធទាបដែលកើតនៅមាហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២ឈ្មោះ ពែនញ៉ា ។

ស្ថានភាពបែបនេះ នឹង ធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី ១៥%។
សម្រាប់តំបន់ខ្ពង់រាបមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។ ចំណែកខេត្តស្ទឹងត្រែង និងរតនគិរី ពុំមានភ្លៀងធ្លាក់ទេ។
ដោយឡែក តំបន់មាត់សមុទ្រមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យម អតិបរមា ១,២០ម៉ែត្រ។

ដូច្នេះសាធារណជនត្រូវប្រយ័ត្នខ្ពស់ ជាពិសេសធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក។ ក្រសួង នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

To Top