ព័ត៌មានជាតិ

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ៖ ជំងឺអេសដ៍ នៅតែមានហានិភ័យខ្ពស់នៅកម្ពុជា

ភ្នំពេញ ៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកទេសរដ្ឋមន្ត្រី អៀង មូលី បានថ្លែងថា មេរោគអេដស៍នៅតែមានហានិភ័យដ៏ធំមួយនៅកម្ពុជា ខណៈមកដល់សព្វថ្ងៃនេះ ជាមធ្យមក្នុងមួយថ្ងៃ មានមនុស្ស ៣នាក់ បានឆ្លងមេរោគអេដស៍ ដូចនេះមានតែការប្រើប្រាស់ស្រោមអនាម័យជាមធ្យោបាយដ៏ល្អបំផុត សម្រាប់ការពារពីមេរោគអេដស៍ និងជំងឺផ្សេងៗ។

លោកទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ដូចនេះ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការលើកកម្ពស់ប្រើប្រាស់ស្រោមអនាម័យ ក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជា ដែលសហការរៀបចំដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមានការចូលរួមពីលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធ អនុប្រធាននាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំយុវជន និងកីឡា រួមទាំងមានបណ្តាអង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធជាច្រើនទៀត នៅភោជនីដ្ឋានទន្លេបាសាក់២។

លោកទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ទៀតថា ការផ្សព្វផ្សាយការប្រើប្រាស់ស្រោមអនាម័យជាមួយនឹងសារសាមញ្ញមួយ «កុំស្ទាក់ស្ទើរប្រើស្រោមអនាម័យ» ហើយស្រោមអនាម័យក៏ជាវិធានការណ៍ដ៏មានប្រសិទ្ធិភាព និងចំណាយថវិកាតិចបំផុតមួយ ក្នុងចំណោមវិធានការណ៍បង្ការមេរោគអេដស៍ និងជំងឺកាមរោគ ដូចជាការប្រើប្រាស់ថ្នាំចាក់ ការប្រើប្រាស់ថ្នាំលេប និងវិធីផ្សេងៗទៀត។

លោកទេសរដ្ឋមន្ត្រី អៀង មូលី បានបន្ថែមទៀតថា កន្លងមករាជរដ្ឋាភិបាល បានចូលរួមចំណាយថវិកាជាច្រើនដើម្បីទប់ស្កាត់ការចំលងនៃមេរោគអេដស៍ ហើយក្នុងនោះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក៏បានចូលរួមសហការជាមួយបណ្តាអង្គការដៃគូរ ក៏ដូចជាតាមបណ្តាញស្ថាប័ននានាដើម្បីទប់ស្កាត់មេរោគអេដស៍នេះ ជាពិសេសស្រទាប់យុវវ័យ ក្នុងនោះដែរសម្រាប់ថ្ងៃទី១៤ កុម្ភៈ ដែលនឹងខិតជិតមកដល់នេះអាជ្ញាធរអេដស៍ ក៏បានត្រៀមសហការជាមួយបណ្តាញដៃគូរ ដើម្បីចូលរួមផ្សព្វផ្សាយពីការជំងឺអេដស៍ ក៏ដូចជាការរៀបចំការប្រគំតន្ត្រីផ្សព្វផ្សាយពីមេរោគអេដស៍ និងចែកស្រោមអនាម័យដោយឥតគិតថ្លៃផងដែរ។

នាឱកាសនោះលោកវជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានបញ្ជាក់ដែរថា ប្រទេសកម្ពុជាបានបង្ហាញភាពជាអ្នកដឹកនាំដ៏រឹងមាំរួចហើយ តាមរយៈគោលនយោបាយប្រើប្រាស់ស្រោមអនាម័យ ១០០ ភាគរយ ជាពិសេសនៅក្នុងគ្រឹះស្ថានកម្សាន្ត។ គោលនយោបាយនេះបានជួយសង្គ្រោះជីវិត និងបង្ហាញថា នៅពេលដែលមានគោលការណ៍ច្បាស់លាស់ ការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការនិង ឥរិយាបថអាចផ្លាស់ប្តូរ ដែលនាំឳ្យសុខភាពសាធារណៈប្រសើរឡើង ។

លោកវជ្ជបណ្ឌិត ឈឹមសារ៉ាត់ បានបន្ថែមថា «យើងក៏បន្តគាំទ្រការអប់រំបង្ការមេរោគអេដស៍តាមរយៈការផ្សព្វផ្សាយសហគមន៍ កម្មវិធី យុវជន សិស្ស និស្សិត ប្រជាជនគន្លឹះ និងក្រុមសហគមន៍ជាការ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានសារៈសំខាន់ជាពិសេស ដោយសារការឆ្លងថ្មីនៅក្នុងប្រទេសកម្ពុជាកំពុងកើនឡើងក្នុងចំណោមយុវជន និងប្រជាជនគន្លឹះ រួមទាំងក្រុមស្រឡាញ់ភេទដូចគ្នា អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកធ្វើការតាមសេវាកម្សាន្តសប្បាយ»៕

To Top