ព័ត៌មានជាតិ

ជប៉ុនផ្តល់ថវិកាជាង ៣០ម៉ឺនដុល្លារ សម្រាប់ស្តារប្រព័ន្ធធារាសាស្ត្រ និងសាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រី និងតម្លើងឧបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ៣០១,៩០៤ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូជា)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ លោក អ៊ូអ៊ីណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយ ចំនួន២ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។

១. គម្រោងស្តារប្រព័ន្ធធារាសាស្រ្តអូរស្រឡៅជ្រុំក្នុងខេត្តបន្ទាយមានជ័យ (ថវិកាចំនួន ២២០,២១៦ ដុល្លារ អាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ ដែលមានមុខងារអាងស្តុកទឹក អន់ថយ។

២. គម្រោងសាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រី និងតម្លើងឧបករណ៍នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី (ថវិកាចំនួន ៨១,៦៨៨ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់សាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រី ក៏ដូចជាផ្តល់ឧបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមបញ្ជាក់ថា គម្រោងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥត សំណងគូសាណូណិ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួន ដូចជា ភាពក្រីក្រ និង/ឬ ភាព អកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ៕

To Top