ទូតកម្ពុជានៅកូរ៉េ ៖ សារព័ត៌មាន THE AsiaN រួមចំណែកផ្សព្វផ្សាយពីកម្ពុជា
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើងថា សារព័ត៌មាន THE AsiaN របស់កូរ៉េ មានតួនាទីដ៏សំខាន់ ក្នុងការរួមចំណែកផ្សព្វផ្សាយអំពីកម្ពុជា។

ការលើកឡើងរបស់លោកឃួន ផុនរតនៈនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក Lee Sang ki នាយកបោះពុម្ពផ្សាយរបស់សារព័ត៌មាន THE AsiaN នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ក្នុងឱកាសនោះ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជម្រាបពីសាវតា និងសកម្មភាពរបស់សារព័ត៌មាន THE AsiaN ដែលកន្លងមក លោកក៏ជាអ្នកសរសេរ និងផ្ដល់ព័ត៌មានអំពីកម្ពុជា សម្រាប់ចុះផ្សាយជាប្រចាំក្នុងសារព័ត៌មាននេះផងដែរ ដើម្បីលើកស្ទួយវិស័យវប្បធម៌ ទេសចរណ៍ វិនិយោគ ពាណិជ្ជកម្មរបស់កម្ពុជា ក៏ដូចជាបានផ្សព្វផ្សាយអំពីសកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា នាពេលថ្មីៗនេះផងដែរ។


ជាការឆ្លើយតប ឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់រដ្ឋលេខាធិការ និងសារព័ត៌មាន THE AsiaN ចំពោះតួនាទីដ៏សំខាន់ក្នុងការរួមចំណែកផ្សព្វផ្សាយអំពីកម្ពុជា។ ភាគីទាំងពីរក៏បានប្ដេជ្ញាធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសក្នុងវិស័យសារព័ត៌មាន ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងវិជ្ជមានអំពីកម្ពុជា ឱ្យកាន់តែសកម្មថែមទៀត៕

