ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីជំនាញ ពិនិត្យគុណភាពផ្លូវជនបទ ចំនួន ៧ខ្សែ នៅខេត្តកំពត

កំពត៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត អញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ៧ខ្សែ នៅក្នុងខេត្តកំពត ។

ផ្លូវជនបទទាំង ៧ខ្សែ រួមមានដូចខាងក្រោម៖

ខ្សែទី១៖ ឈ្មោះផ្លូវត្រពាំងតាមាស-អូរកណ្តោល ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) មានប្រវែង ៦,៣៩៥គ.ម ទទឹងខ្នងលើ ៦ម៉ែត្រ តភ្ជាប់ពីភូមិត្រពាំងតាមាស ឃុំដំណាក់សុក្រំ ទៅកាន់ភូមិអូរកណ្តោល ឃុំទទង់ ស្រុកដងទង់ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៧៩៩គ្រួសារ ស្មើនឹង ៣ ៣៤៥នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ២ ១២៥គ្រួសារ ស្មើនឹង ៩ ១៤៨នាក់។ ផ្លូវនេះត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទក្នុងឆ្នាំ២០២៣។

ខ្សែទី២៖ ឈ្មោះផ្លូវព្រៃក្រាំងខាងជើង-ត្រពាំងឈូក ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) មានប្រវែង ៦,៥៦៨គ.ម ទទឹងខ្នងលើ ៦ម៉ែត្រ តភ្ជាប់ពីភូមិព្រៃក្រាំងខាងជើង ទៅកាន់ភូមិត្រពាំងឈូក ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ១៥២គ្រួសារ ស្មើនឹង ៣ ៩៨១នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៤០៨គ្រួសារ ស្មើនឹង ២ ០៨២នាក់។ ផ្លូវនេះត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទក្នុងឆ្នាំ២០២៣។

ខ្សែទី៣៖ ឈ្មោះផ្លូវព្រៃឈើនាង-ពញ្ញាអង្គរ ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) មានប្រវែង ១២,៣៧៩គ.ម ទទឹងខ្នងលើ ៦ម៉ែត្រ តភ្ជាប់ពីភូមិព្រៃឈើនាង ឃុំបានៀវ ស្រុកឈូក ទៅកាន់ភូមិពញ្ញាអង្គរ ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ២ ៧៥១គ្រួសារ ស្មើនឹង ១១ ៥០៩នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១ ៨៦៨គ្រួសារ ស្មើនឹង ៦ ៧៣១នាក់។ ផ្លូវនេះត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទក្នុងឆ្នាំ២០២៤។

ជារួមផ្លូវទាំង ៣ខ្សែខាងលើនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាគរៈបរិស្ថាន ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា, ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB), និងឥណទានរបស់មូលនិធិអាកាសធាតុបៃតង ដោយមានអ្នកទទួលផលដោយផ្ទាល់សរុបចំនួន ៤ ៧០២គ្រួសារ ស្មើនឹង ១៨ ៨៣២នាក់ និងអ្នកទទួលផលដោយប្រយោលសរុបចំនួន ៤ ៤០១គ្រួសារ ស្មើនឹង ១៧ ៩៦១នាក់ ។

ខ្សែទី៤៖ ឈ្នោះផ្លូវ ក្បាលរមាស-ចក្រីទីង ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងក្រាលបេតុង មានប្រវែងសរុប ១១,៣៤ គ.ម. និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ទៅដល់ភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ។ ខ្សែផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៣ ២០០គ្រួសារ ស្មើនឹង ១៦ ៨៧៧នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៤ ០២២គ្រួសារ ស្មើនឹង ១៨ ៩៦០នាក់ ។

ខ្សែទី៥៖ ឈ្មោះផ្លូវ ត្រពាំងព្រីង-កណ្តោល ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងក្រាលបេតុង មានប្រវែងសរុប ៤,៨២គ.ម. និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិបុស្សញិញ ឃុំកូនសត្វ ទៅដល់ភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។ ខ្សែផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់ចំនួន ២ ៧២៥គ្រួសារ ស្មើនឹង ១៤ ៨៩៦នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១ ៨៣៤ គ្រួសារ ស្មើនឹង ៨ ៣១៣នាក់ ។

ខ្សែទី៦៖ ឈ្មោះផ្លូវ វត្តតូប-បុស្សញិញ ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងក្រាលបេតុង មានប្រវែងសរុប ២,០២គ.ម. និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិបុស្សញិញ ឃុំកូនសត្វ ទៅដល់ភូមិត្រពាំងព្រីងខាងត្បូង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។ ខ្សែផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ៨៣៤គ្រួសារ ស្មើនឹង ៨ ៣១៣នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ២ ១៦៦គ្រួសារ ស្មើនឹង ១ ០៤៨នាក់។

ខ្សែទី៧៖ ឈ្មោះផ្លូវកូនសត្វ-ព្រៃធំ ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) មានប្រវែង ៨,៥៦គ.ម. និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ខេត្តកែប។ ខ្សែផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ៨៤២គ្រួសារ ស្មើនឹង ៩ ៦៣១នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៤ ០២២គ្រួសារ ស្មើនឹង ១៧ ៥៩៦នាក់។

ខ្សែផ្លូវចំនួន ៤ខ្សែចុងក្រោយ ត្រូវបានសាង់សង់ហើយក្នុងឆ្នាំ២០២៥កន្លងទៅនេះ ក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពី រាជរដ្ឋាភិបាលកម្ពុជា, មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD), ធនាគារវិនិយោគអឺរ៉ុបនិងហិរញ្ញប្បទានពីមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប(EU-AIF) ដោយមានអ្នកទទួលផលដោយផ្ទាល់សរុបចំនួន ៩ ៦០១គ្រួសារ ស្មើនឹង ៤៩ ៧១៧នាក់ និងអ្នកទទួលផលដោយប្រយោលសរុបចំនួន ១២ ០៤៤គ្រួសារ ស្មើនឹង ៤៥ ៩១៧នាក់។

មានប្រសាសន៍ក្នុងឱកាសចុះពិនិត្យគុណភាពផ្លូវជនបទ លោករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ភារកិច្ចជូនក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការលើកកម្រិតគុណភាពផ្លូវជនបទ ពីផ្លូវដីសឱ្យទៅជាផ្លូវក្រាលល្បាយក្រួស និងពីល្បាយក្រួសឱ្យទៅជាផ្លូវក្រាលកៅស៊ូ ឬបេតុង ដើម្បីមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ សំដៅជួយសម្រួលដល់ប្រជាពលរដ្ឋប្រើប្រាស់បានគ្រប់រដូវកាល និងយូរអង្វែង៕

To Top