ថ្នាក់ដឹកនាំកំពូលកម្ពុជា-វៀតណាម ឯកភាពពង្រីកកិច្ចសហការជាមួយគ្នាបន្ថែមទៀត
ភ្នំពេញ ៖ ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា-វៀតណាមដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បានឯកភាពគ្នាពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ទាំងនៅក្នុងក្របខណ្ឌបក្ស រាជរដ្ឋាភិបាល និងស្ថាប័ននីតិបញ្ញត្តិ ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ ក្រោយកិច្ចប្រជុំកំពូលរវាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាមួយការិយាល័យមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្រោមអធិបតីភាពសម្ដេចតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ថា សម្តេចតេជោបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាមដែលបានឈានទៅផ្សំរួមគ្នាទៅនឹងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលមានភាពស្អិតរមួត រួមទាំងស្ថាប័ននីតិបញ្ញត្តិផងដែរ ។

អ្នកនាំពាក្យបន្តថា លោក តូ ឡឹមបានឯកភាពគ្នាជាមួយសម្តេចតេជោដែលបានផ្តល់តម្លៃខ្ពស់បំផុតចំពោះទំនាក់ទំនងកម្ពុជា-វៀតណាម ខណៈវៀតណាមគាំទ្រឥតងាករេក្នុងការបង្កើនទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ក្នុងក្របខណ្ឌគណបក្ស រដ្ឋាភិបាល និងស្ថាប័ននីតិបញ្ញត្តិដែលឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

លោក តូ ឡឹមបានបង្ហាញការពេញចិត្តចំពោះសន្តិសុខ និងស្ថិរភាពនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អ ។ ដោយលោកបានជំរុញឲ្យភាគីទាំងពីរធ្វើយ៉ាងណារក្សាឲ្យបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅតាមព្រំដែនទាំងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីផ្តល់ផលប្រយោជន៍ឲ្យប្រទេសនិងប្រជាពលរដ្ឋទាំងសងខាង ។

អ្នកនាំពាក្យបន្ថែមថា “សម្តេចតេជោបានគូសបញ្ជាក់ថា កត្តាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន គឺជាកត្តាចម្បងណាស់ដែលភាគីទាំងពីរ អាចរក្សាបានកន្លងមក និងបន្តពួនជ្រុំនិងពង្រីកបន្ថែមទៀតឲ្យកាន់តែរឹងមាំនៅតាមព្រំដែន” ។
បើតាមលោក ជា ធីរិទ្ធ ទាំងសម្តេចតេជោ និងលោក តូ ឡឹម បានឯកភាពគ្នាទាំងស្រុងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនៅតាមព្រំដែន ដើម្បីធ្វើយ៉ាងណាកុំមានឧក្រិដ្ឋកម្មកើតឡើង ហើយរក្សាបានព្រំដែនដូចបច្ចុប្បន្នដែលមានស្ថិរភាព សន្តិភាពទាំងសងខាង ឆ្លុះបញ្ចាំងពីភាពជាអ្នកជិតខាងល្អ ៕
