ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច តាមរយៈការអនុវត្តយន្តការត្រីភាគី ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈ ការអនុវត្តយន្តការត្រីភាគី ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម» ដែលបានរៀបចំ ឡើងដោយ សមាគមបណ្តាញ កសិករតេជោ សហការជាមួយធនាគារ ARDB។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី តំណាង ធនាគារ ARDB និង សមាគម សហគមន៍ចុងភៅកម្ពុជា ព្រមទាំងសមាជិក-សមាជិកាសមាគមបណ្តាញកសិករតេជោ ប្រមាណជាង ១០០ នាក់។សិក្ខាសាលា និងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះបានរៀបចំឡើងនាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅការិយាល័យកណ្តាលនៃធនាគារ ARDB។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង
ទី១-ផ្សព្វផ្សាយពីតួនាទី និងបេសកកម្មសំខាន់ៗរបស់សមាគមបណ្តាញកសិករតេជោ
ទី២-ការចែករំលែកបទពិសោធន៍ពីកសិធុរកិច្ច (Agri-Business) តាមរយៈការអនុវត្តយន្តការត្រីភាគី (ក្រុមហ៊ុនអ្នកប្រមូលទិញ), អ្នកផលិត (កសិករ) និងស្ថាប័នហិរញ្ញវត្ថុ (ធនាគារ)
ទី៣-គោលការណ៍ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គាំទ្រលើយន្តការត្រីភាគី និងការផ្តល់ឥណទានគំាទ្រដល់អ្នកផលិតក្នុងខ្សែច្រវ៉ាក់តម្លៃផលិតកម្ម ផ្អែកលេីផលិតកម្ម និងលំហូរសាច់ប្រាក់ឆ្លងតាមរយ:ធនាគារ
ទី៤-បង្កើតភាពជាដៃគូក្នុង និងក្រៅបណ្តាញកសិករតេជោ ជាដើម។

ថ្លែងនាឱកាសនេះ លោកបណ្ឌិត កៅ ថាច បានគូសរំលេចអំពីសកម្មភាពរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលកន្លង មកតែងតែ បានចូលរួមចំណែកយ៉ាងសកម្មក្នុងគាំទ្រផ្នែកហិរញ្ញប្បទានដល់វិស័យកសិកម្ម និងប្រជាកសិករតាមទីជនបទ។

ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិតប្រតិភូ ក៏បានផ្តល់កិត្តិយលអញ្ជើញចូលរួមជាសក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមបណ្តាញកសិករតេជោ និងសមាគមសហគមន៍ចុងភៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរផងដែរ៕

To Top